ថ្ងៃទី៣១ ខេឧសភា ឆ្នាំ២០១៧ ដកស្រង់៖RFI
ក្រុម​សហជីព​កម្មករ​រោង​ចក្រ​កាត់ ជា​ច្រើន ​ដែល​មាន​ជា​អាទិ៍ សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់ ជា​ដើម​ បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​រដ្ឋាភិបាល​ ​ចេញ​សេចក្តីណែ​នាំ​ដល់​គ្រប់​រោង​ចក្រ​សហគ្រាស​ឯកជន ឲ្យ​អនុញ្ញាត​ដល់​កម្មករ បាន​ឈប់​សម្រាក​ចាប់​ពីថ្ងៃ​ទី ៣ ដល​ទី​៥ មិថុនា ខាង​មុខ​នេះ ដើម្បី​ឲ្យ​ក្រុម​កម្មករ​មាន​ពេល​វេលា​សមរម្យ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​ នៅ​ស្រុក​កំណើត។​
ក្រុម​សហជីព​យល់​ឃើញ​ថា ​ការ​ដែល​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក ត្រឹម​តែ​១​ថ្ងៃ នៅ​ថ្ងៃ​ទី​៤​មិថុនា ចំ​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្តង​នោះ គឺ​ពេល​ខ្លី​ពេក ហើយ​ច្បាស់​ជា​ធ្វើ​ដំណើរ​ទៅ-មក មិន​បាន​ឡើយ សម្រាប់​កម្មករ​និយោជិត​ដែល​មាន​ភូមិ​ឃុំ​នៅ​ឆ្ងាយៗ​។​ ដូច្នេះ ហើយ​ទើប ក្រុម​សហជីព​ទាំង​អស់​នោះ ទទូច​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​ជួយ​ណែនាំ​ ដល់​បណ្តា​រោងចក្រ និង​ក្រុមហ៊ុន​នានា ដើម្បី​ផ្តល់​ពេល​វេលា​ឲ្យ​និយោជិត ឈប់​សម្រាក​ដោយ​មាន​ប្រា​ក់ឈ្នួល​២​ថ្ងៃ​បន្ថែម​។ លើស​ពី​នេះ ក្រុម​សហជីព ក៏​ចង់​សុំ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​មួយ​ចំណែក​ដល់​កម្មករ ជា​សោហ៊ុយ​សម្រាប់​ធ្វើ​ដំណើរ​ផង។​
សូម​បញ្ជាក់​ថា ការ​ទទូច​បែប​នេះ គឺ​ចំ​ពេល​ដែល​ក្រសួង​ការងារ​ចេញ​លិខិត​ណែនាំ​របស់​ ម្ចាស់​រោង​ចក្រ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ ឈប់​សម្រាក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់​។​ ក៏​ប៉ុន្តែ សេចក្តី​ណែនាំ​របស់​ក្រសួង​ ពុំ​បាន​បញ្ជាក់​ច្បាស់​ថា ត្រូវ​ឲ្យ​កម្មករ​ឈប់​បាន​ច្រើន​ថ្ងៃ ឬ​បាន​ដល់​៣​ថ្ងៃ​ដូច​ទម្លាប់​មុនៗ​នោះ​ទេ។
ចំពោះ​ភាគី​សហជីព, ការ​យល់​ព្រម​ផ្តល់​លទ្ធភាព​និង​ផ្តល់​ឱកាស​ឲ្យ​និយោជិត​ឈប់​៣​ថ្ងៃ​តាម​ការ​ស្នើ​សុំ​យ៉ាង​ដូច្នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ឲ្យ​កម្មករ​និយោជិត​បំពេញ​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្លួន​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។
ចំណែក​ក្រុម​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​ រួម​មាន​លោក សន ជ័យ គិត​ថា ការ​ដែល​មិន​ចង់​ឲ្យ​កម្មករ​មាន​ពេល​ច្រើន​គ្រប់​គ្រាន់​ដើម្បីទៅ​​បោះ​ឆ្នោត គឺ​អាច​នឹង​មាន​ហេតុផល​នយោបាយ​នៅ​ក្រោយ​ខ្នង។​ ដ្បិត​ថា ​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ជា​ច្រើន ​ធ្លាប់​បាន​ចុះ​ផ្លូវ ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ហើយ​បង្ហាញ​ជំហរ​គាំទ្រ​បក្ស​ប្រឆាំង ហើយ​បើ​បណ្តោយ​ឲ្យ​ពួក​គេ​ទៅ​បោះឆ្នោត​បាន​ច្រើន​នោះ គឺ​ច្បាស់​ជា​បោះ​គាំទ្រ​បក្ស​ប្រឆាំង​ច្រើន​ត​ទៅ​ទៀត។
នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ និង​តាម​ការ​គិត​របស់​លោក សន ជ័យ ដែល​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា៕