ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដកស្រង’៖RFA

អតីត​បុគ្គលិក​រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា ស្ថិត​នៅ​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ចំនួន ១៦​នាក់ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ការងារ​ឲ្យ​ពួក​គាត់​វិញ កោយ​ពី​រោងចក្រ​នេះ​បាន​បញ្ឈប់​ការងារ​ពួក​គាត់​ដោយ​គ្មាន​ហេតុផល។ អតីត​បុគ្គលិក​ទាំងនោះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​បញ្ឈប់​ការងារ​មក ពួក​គាត់​មួយ​ចំនួន​គ្មាន​ការងារ​ធ្វើ និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នក​តំណាង​បុគ្គលិក​រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប្រ៊ើវើរី (Khmer Brewery) ចំនួន ១៦​នាក់​អះអាង​ថា ពួក​គាត់​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ការងារ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​មូលហេតុ ចាប់​តាំង​ពី​ខែ​សីហា មក​ដល់​ខែ​វិច្ឆិកា នៅ​ក្នុង​ឆ្នាំ​២០១៦ ថ្វីត្បិតតែ​ពួក​គាត់​បាន​បំពេញ​ការងារ​ឲ្យ​រោងចក្រ​អស់​ជាច្រើន​ឆ្នាំ​ក្ដី។

អតីត​បុគ្គលិក​រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា​ម្នាក់ លោក សែ ស៊ីថា អះអាង​ប្រាប់​អាស៊ីសេរី​ថា ពួក​គាត់​ទទួល​បាន​ប្រាក់​ចំនួន ៤​ដុល្លារ​ក្នុង​ការ​បំពេញ​ការងារ​មួយ​ថ្ងៃ កាល​ពី​អំឡុង​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ ហើយ​បន្ទាប់​ពី​មាន​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ប្រចាំ​ថ្ងៃ​បន្ថែម​នៅ​ឆ្នាំ​២០១៣ ភាគី​ក្រុមហ៊ុន​បាន​សម្រេច​ដំឡើង​ដល់ ៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក្រុមហ៊ុន​បាន​កំណត់​ឲ្យ​ចុះ​កុងត្រា​ការងារ​ជាមួយ​ពួក​គាត់​ក្នុង​រយៈពេល ៣​ខែ​ម្ដង។

លោក​បន្ត​ថា ស្រាប់​តែ​ក្នុង​អំឡុង​ខែ​សីហា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រោងចក្រ​ផលិត​ស្រាបៀ​កម្ពុជា បាន​បញ្ចប់​កុងត្រា​ការងារ​ជាមួយ​បុគ្គលិក​ប្រហែល ២០​នាក់​ដោយ​មិន​ប្រាប់​ហេតុផល ប៉ុន្តែ​ក្រុម​បុគ្គលិក​សង្ស័យ​ថា ប្រហែល​មក​ពី​រោងចក្រ​ដឹង​ថា ខាង​បុគ្គលិក​បាន​រៀបចំ​ជ្រើសរើស​មេ​សហជីព​តំណាង​ឲ្យ​ពួក​គេ​នៅ​ក្នុង​រោងចក្រ៖ «»។

លោក សែ ស៊ីថា បន្ត​ថា ក្នុង​ចំណោម​បុគ្គលិក ២០​នាក់​ដែល​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ការងារ គឺ​មាន​បុគ្គលិក​តែ ១៦​នាក់​ប៉ុណ្ណោះ​ចង់​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ការងារ​ជូន​ពួក​គាត់​វិញ និង​ទទួល​យក​ពួក​គាត់​ជា​បុគ្គលិក​ពេញ​សិទ្ធិ ស្រប​ពេល​បច្ចុប្បន្ន អ្នក​ខ្លះ​គ្មាន​ការងារ​ធ្វើ ហើយ​អ្នក​ខ្លះ​ធ្វើ​ជា​កម្មករ​សំណង់។

អតីត​បុគ្គលិក​រូប​នេះ​រំឭក​ថា ពួក​គាត់​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ការងារ​នោះ គឺ​ជា​កម្មករ​ប្រើ​កម្លាំង ដូចជា​ធ្វើ​ជា​អ្នក​វេច​ខ្ចប់​កេស​ស្រាបៀ និង​លើក​ស្រាបៀ​ដាក់​រថយន្ត ជាដើម។

ជាមួយ​គ្នា​នោះ អតីត​បុគ្គលិក​រោងចក្រ​ស្រាបៀ​កម្ពុជា លោក ស៊ុំ ណារិទ្ធ ដែល​បំពេញ​ការងារ​ឲ្យ​រោងចក្រ​អស់​រយៈពេល ៣​ឆ្នាំ បាន​អះអាង​ថា នៅ​ក្នុង​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​រយៈពេល ៣​ខែ​ម្ដង គឺ​រយៈពេល​កន្លង​មក ក្រុមហ៊ុន​បាន​បន្ត​កុងត្រា​ឲ្យ​គាត់ ប៉ុន្តែ​ទើប​មក​ដល់​ខែ​សីហា ឆ្នាំ​២០១៦ ស្រាប់​តែ​ក្រុមហ៊ុន​លែង​បន្ត​កុងត្រា​ការងារ ទាំង​លោក​មិន​ធ្លាប់​មាន​កំហុស៖ «»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​អតីត​បុគ្គលិក​ទាំងនេះ អ្នក​តំណាង​រោងចក្រ​ផលិត​ស្រាបៀ​អះអាង​តាម​សារ​អ៊ីមែល (Email) ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មូលហេតុ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​បុគ្គលិក​ជាប់​កិច្ចសន្យា ដោយសារ​សុពលភាព​នៃ​កិច្ចសន្យា​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​លើ​ខ្លឹមសារ​បាន​ចប់ ហើយ​រោងចក្រ​ក៏​អស់​ការងារ​សម្រាប់​ជំនាញ​របស់​កម្មករ​ទាំងនោះ។

អ្នក​តំណាង​រូប​នេះ​បញ្ជាក់​ថា រោងចក្រ​ក៏​បាន​ទូទាត់​ប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ និង​បង់​ប្រាក់ ៥% នៃ​ប្រាក់​ឈ្នួល​រយៈពេល​កិច្ចសន្យា​តាម​មាត្រា​៧៣ នៃ​ច្បាប់​ការងារ។ ហេតុ​នេះ គឺ​ក្រុមហ៊ុន​ធ្វើ​តាម​ច្បាប់​ចប់​សព្វគ្រប់​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អតីត​បុគ្គលិក​ម្នាក់​ទៀត លោក ផាត សុផា បញ្ជាក់​ថា លោក​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ និង​បញ្ចប់​កុងត្រា​ទាំង​មិន​បាន​ប្រាប់​ដំណឹង ដើម្បី​ឲ្យ​លោក​ត្រៀម​ខ្លួន​ជា​មុន។ លោក សុផា អះអាង​ថា រយៈពេល​កន្លង​មក លោក​ធ្លាប់​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​លោក​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ស្រែ​នៅ​ភូមិ​កំណើត​វិញ៖ «»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា អះអាង​ថា បុគ្គលិក​ដែល​ធ្វើ​ការងារ​ចាប់​ពី ២​ឆ្នាំ​ឡើង​ទៅ លក្ខខណ្ឌ​ការងារ​របស់​ពួក​គាត់​មិន​មែន​ជា​កិច្ចសន្យា​រយៈពេល​ខ្លី ឬ​ត្រឹម​រយៈពេល ២-៣​ខែ​ឡើយ តែ​ជា​កិច្ចសន្យា​មិន​កំណត់​ថេរវេលា ឬ​មាន​ន័យ​ថា ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់​រោងចក្រ​តែ​ម្ដង៖ «»។

លោក មឿន តុលា បញ្ជាក់​ថា ប្រសិន​បើ​រោងចក្រ​បញ្ឈប់​កម្មករ​ដោយសារ​កម្មករ​ចង់​បង្កើត​សហជីព វា​គឺ​ជា​ការ​រើសអើង​មួយ​លើ​និយោជិត និង​ជា​ទង្វើ​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៣៦ និង​អនុសញ្ញា និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​ការងារ ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន៕