ថ្ងៃទី២២ ខេមិថុនា ឆ្នាំ២០១៧ ដកស្រង់៖Postkhmer
ក្រុម​សហជីព​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ប្រាក់​ឈ្នួល​លើស​ពី ១០% ដោយសារ​តែ​ជា​ឆ្នាំ​ដែល​បក្ស​នយោបាយ​នានា​នឹង​ប្រកួត​​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ត្រូវការ​ទាក់ទាញ​ទឹកចិត្ត​កម្មករ​ ខណៈ​ដែល​ក្រសួង​ការងារ​បាន​អំពាវនាវ​កុំ​ឲ្យ​គណបក្ស​នយោបាយ​យក​បញ្ហា​ប្រាក់​ឈ្នួល​ទៅ​ញុះញង់​កម្មករ ធ្វើឲ្យ​មាន​ភាព​ច្របូក​ច្របល់​ក្នុង​សង្គម​។
កាលពី​ម្សិលមិញ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​គោលនយោបាយ​ប្រាក់​ឈ្នួល​ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​សណ្ឋាគារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។
លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU) បាន​ថ្លែង​នៅ​ពេល​ចូលរួម​ក្នុង​ពិធី​នេះ​ថា​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​កម្មករ-កម្មការិនី​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់ ខណៈ​ដែល​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០១៧ ដំឡើង​បាន​ត្រឹម ១០%​។ លោក​បាន​បន្ត​ថា​ឆ្នាំ​ ២០១៨ គឺជា​ឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ​ដូច្នេះ​វា​ជា​ឱកាស​ល្អ​សម្រាប់​កម្មករ​ក្នុង​ការ​ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​។
លោក​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា​ឆ្នាំ​ ២០១៨ ជា​ឆ្នាំ​បោះឆ្នោត​ធំ​សម្រាប់​ថ្នាក់​ជាតិ​សម្រាប់​កម្មករ​គឺ​ពិតជា​មាន​ឱកាស​ច្រើន​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ខាង​គណបក្ស​នីមួយៗ​ក៏​គេ​ចេញ​គោលការណ៍​របស់​គេ​ដែរ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​កម្មករ​រោងចក្រ​កាត់ដេរ​»​។
លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ដែល​គេ​ដឹង​ថា​មាន​ភាព​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​ ២០១៨ ​ប្រហែល​ជា​មិន​អាច​លើស​ពី ១០% ដូច​ឆ្នាំ​ ២០១៧ ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​លោក​សង្ឃឹម​ខ្លាំង​នៅ​ពេល​នេះ​គឺ​អាស្រ័យ​លើ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដោយ​លោក​ត្រូវ​លើក​ទឹកចិត្ត​ដល់​កម្មករ​រោងចក្រ​បន្ថែម​ទៀត​។
ទោះ​យ៉ាង​ណា ​លោក​ថា​ កម្មករ​ឆ្នាំ​នេះ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​លើស​ពី ១០% ប៉ុន្ដែ​បើ​គេ​ធ្វើការ​វាយតម្លៃ​តាម​រូបមន្ត​កន្លង​មក​គឺ​មិន​អាច​បាន​លើស​នេះ​ទេ​។
លោក​ មុំ ថុល បញ្ជាក់​ថា​៖ «​ខ្ញុំ​ថា​កាលពី​លើក​មុន​យើង​បាន​តែ ១០%​ទេ ហើយ​លើក​នេះ​ក៏​មិន​លើស​ពី​លើក​មុន​ច្រើន​ដែរ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ខ្លាំង​គឺ​សង្ឃឹម​លើ​សម្ដេចតេជោ​ច្រើន​ជាង​ព្រោះ​សម្ដេច​តែងតែ​លើក​ទឹកចិត្ត​បងប្អូន​កម្មករ​នៅ​ក្នុង​រដូវកាល​នេះ​។ ​អ៊ីចឹង​ខ្ញុំ​សង្ឃឹម​លើ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ច្រើន​»​។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​ដាស់​តឿន​ដល់​អ្នក​នយោបាយ​ក៏​ដូចជា​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ថា​នៅ​ពេល​ជិត​ដល់​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨ សូម​កុំ​យក​ប្រធានបទ​ប្រាក់ឈ្នួល​ទៅ​ញុះញង់​កម្មករ​និយោជិត បង្ក​បញ្ហា​ច្របូក​ច្របល់​ធ្វើឲ្យ​មាន​ភាព​អសន្តិសុខ​សង្គម​ដូច​កាលពី​ឆ្នាំ​ ២០១៣​។
លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​សង្ឃឹម​ថា​ជិត​ដល់​ឆ្នាំ​បោះឆ្នោត​កុំ​យក​ប្រធានបទ​ប្រាក់​ឈ្នួល​នេះ​ក្លាយ​ទៅ​ជា​បញ្ហា​ដែល​បង្កើត​ឲ្យ​មាន​ការ​ច្របូល​ច្របល់​ព្រោះ​រឿង​នេះ​គឺ​សំដៅ​ទៅ​លើ​បញ្ហា​ការ​ដោះស្រាយ​ជីវភាព និង​ផលប្រយោជន៍​របស់​កម្មករ​ជា​ជាង​យក​ទៅ​ធ្វើ​នយោបាយ​»​។
ក្នុង​នោះ​ដែរ​ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា​ក្រសួង​នឹង​ធ្វើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៨ ដោយ​ត្រូវ​អនុវត្ត​តាម​ប្រតិទិន​ដូច​តទៅ​៖ – កំណត់​យក​ខែ​កក្កដា ឆ្នាំ​ ២០១៧ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ​។ – យក​ខែ​សីហា ឆ្នាំ​ ២០១៧ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេភាគី​។ -​យក​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ត្រី​ភាគី​- យក​ដើម​ខែ​តុលា ឆ្នាំ​ ២០១៧ ជា​ការ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ ២០១៨​។
– យក​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ២០១៨ ​ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចោទប្រកាន់​ថា​បាន​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កាលពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ មិន​អាច​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ខណៈ​ដែល​លោក ប៉ុល ហំម ​អនុប្រធាន​គណបក្ស បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក​ យឹម សុវណ្ណ​។
ចំណែក​លោក សួស យ៉ារ៉ា និង​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ក៏​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល​។
រីឯ លោក ឈឹម ផលវរុណ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ម្នាក់​ទៀត​បាន​ស្នើឲ្យ​ភ្នំពេញ​ ប៉ុស្ដិ៍​ ដាក់​លិខិត​ស្នើសុំ​សហការ​ក្នុង​ការ​ធ្វើ​បទសម្ភាស​ទៅ​លោក​ជា​មុន​សិន ទើប​លោក​អាច​ផ្ដល់​បទសម្ភាស​បាន​។
កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​មាន​ការ​ពិភាក្សា​របស់​ក្រុម​ការងារ​ត្រីភាគី រួមមាន ក្រសួង​ការងារ​ ថៅកែ​រោងចក្រ និង សហជីព រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ដល់​ចំនួន ១៥៣ ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៧ ​នេះ​។ ប្រាក់​ឈ្នួល​នេះ​បាន​កើនឡើង​ប្រមាណ ១៣ ដុល្លារ​បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ ២០១៦៕