ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដកស្រង់៖RFA
ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​នេះ​នៅ​តែ​មាន​ការ​រឹត​បន្តឹង​ការ​ជួបជុំ និង​ការ​ហែ​ក្បួន​ដាក់​ញត្តិ​របស់​កម្មករ។ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កង​កម្លាំង​យ៉ាង​តឹងរ៉ឹង បើ​ទោះ​ជា​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ដើរ​ហែ​ចេញ​ពី​ផ្លូវ​ធំ​ក្បែរ​ស្ថានទូត​រុស្ស៊ី ទៅ​ជិត​រដ្ឋសភា​ក៏ដោយ។
រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ សហជីព​នៅ​តែ​ចាត់​ទុក​ថា សិទ្ធិ​របស់​កម្មករ​ត្រូវ​បាន​រឹត​បន្តឹង តាម​រយៈ​ការ​រឹតត្បិត​មិន​ឲ្យ​កម្មករ​ហែ​ក្បួន​ទាមទារ​អត្ថប្រយោជន៍​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា បាន​ពេញលេញ​នោះ​ទេ។ សហជីព​យល់​ថា អាជ្ញាធរ​បាន​ហាមឃាត់​កម្មករ​ហែ​ក្បួន ដោយ​គ្មាន​មូលហេតុ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ។ លោក អាត់ ធន់ សង្ឃឹម​ថា តំណាងរាស្ត្រ និង​រដ្ឋាភិបាល នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លក្ខខណ្ឌ​ទាំង ១៦​ចំណុច ដែល​កម្មករ​ទាមទារ ព្រោះ​ឆ្នាំ​នេះ អ្នក​នយោបាយ​ត្រូវការ​សន្លឹក​ឆ្នោត​ពី​កម្មករ៖ «បើ​សិន​ជា​គាត់​មិន​ដោះស្រាយ គាត់​នឹង​អាច​មាន​បញ្ហា ការ​គាំទ្រ​ពី​កម្មករ​នឹង​ធ្លាក់​ចុះ។ ចឹង​គាត់​ចង់​បាន​កៅអី​អង្គុយ​បន្ត គាត់​ចង់​ធ្វើ​តំណាងរាស្ត្រ គាត់​ចង់​ធ្វើ​សភា គាត់​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី គាត់​ចង់​ធ្វើ​អាជ្ញាធរ គាត់​ដាច់ខាត​ត្រូវ​តែ​ដោះស្រាយ គាត់​អត់​ដោះស្រាយ គាត់​អាច​បាត់បង់​ឱកាស​របស់​គាត់»។
ការ​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៧ មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​គម្រោង​ដែល​ក្រុម​កម្មករ​បាន​កំណត់​នោះ​ទេ។ ក្រុម​កម្មករ​ប្រមាណ ៣.០០០​នាក់ មាន​ផែនការ​គ្រោង​ហែ​ចេញ​ពី​សួនច្បារ​ម្ដុំ​វត្តភ្នំ តាម​ដង​វិថី​មាត់​ទន្លេ​ទៅ​រដ្ឋសភា។ តែ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ហែ​ក្បួន​ពី​ម្ដុំ​ចំហៀង​ស្ថានទូត​រុស្ស៊ី ទៅ​ក្បែរ​រដ្ឋសភា ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។
ទោះ​ជា​ការ​ហែ​ញត្តិ​របស់​ក្រុម​កម្មករ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ក៏ដោយ ប៉ុន្តែ​កង​កម្លាំង​ប្រហែល ១០០​នាក់​ដែល​ខ្លះ​កាន់​ខែល ខ្លះ​កាន់​ដំបង និង​ខ្លះ​ទៀត​កាន់​កាំភ្លើង​បាញ់​គ្រាប់បែក​ផ្សែង ត្រូវ​បាន​អាជ្ញាធរ​ដាក់​នៅ​ម្ខាង​នៃ​បារ៉ាស់​ខាង​ក្រោយ​សន្តិសុខ​ខណ្ឌ ដើម្បី​ទប់ទល់​ការ​ជំនះ​ហែ​ក្បួន​របស់​កម្មករ ទាំង​នៅ​ម្ដុំ​ស្ថានទូត​រុស្ស៊ី និង​នៅ​ក្បែរ​រដ្ឋសភា។
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រឹត​បន្តឹង​ការ​ហែ​ក្បួន​របស់​កម្មករ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។ លោក​ថា អាជ្ញាធរ​គួរ​តែ​អនុញ្ញាត​ឲ្យ​កម្មករ​ហែ​ក្បួន​បញ្ចេញ​ទុក្ខ​កង្វល់ ដើម្បី​ឲ្យ​តំណាងរាស្ត្រ និង​រដ្ឋាភិបាល​បាន​ដឹង​ពី​ទុក្ខ​កង្វល់​របស់​កម្មករ។ លោក អំ សំអាត យល់​ថា ការ​ដាក់​ពង្រាយ​សមត្ថកិច្ច​ដ៏​ច្រើន​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​លើ​កម្មករ៖ «ខ្ញុំ​គិត​ថា ឧបករណ៍​នៃ​ការ​ការពារ កង​កម្លាំង​ល្មមៗ​គួបផ្សំ​ជាមួយ​នឹង​សន្តិសុខ​របស់​កម្មករ​កម្មការិនី​ដែល​គាត់​រៀបចំ​នេះ ហើយ​យើង​ជជែក​គ្នា​ទៅ អនុញ្ញាត​ឲ្យ​ជួបជុំ​កន្លែង​ណា​មួយ​ទៅ ហើយ​យើង​ជួបជុំ​ទាំងអស់​គ្នា​ទៅ។ អា​ហ្នឹង​បាន​គេ​ហៅ​ថា​ជា​កិច្ច​ការពារ»។
តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​ទទួល​ពាក្យ​បណ្ដឹង​នៃ​រដ្ឋសភា អ្នកស្រី ឡោក ខេង បាន​ចេញ​ទៅ​ទទួល​ញត្តិ​របស់​កម្មករ។ អ្នកស្រី ឡោក ខេង បាន​ឡើង​សន្យា​ជាមួយ​កម្មករ​នៅ​លើ​វេទិកា​ថា អ្នកស្រី​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​លោក ហេង សំរិន នឹង​បញ្ជូន​បន្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​ផល​ប្រយោជន៍៖ «ខ្ញុំ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ខ្ញុំ​នឹង​ពាំនាំ​ទាំងអស់​យក​ទៅ​ជូន​សម្ដេច​ប្រធាន​រដ្ឋសភា ដើម្បី​ផ្ញើ​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហើយ​ដើម្បី​សម្របសម្រួល​ជា​បន្តបន្ទាប់​នៅ​ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង»។
ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ខួប​ទី​១៣១ ឆ្នាំ​២០១៧ សហភាព​ការងារ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ចំនួន ២០៧​ដុល្លារ​ក្នុង​មួយ​ខែ និង ២៥០​ដុល្លារ​សម្រាប់​មន្ត្រី​រាជការ។ ក្រៅ​ពី​នេះ កម្មករ​ក៏​ស្នើ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​ដែល​ធ្វើ​ការ​នៅ​វិស័យ​ដទៃ​ទៀត ដូចជា​កម្មករ​សំណង់ ទេសចរណ៍ សេវាកម្ម និង​វិស័យ​មួយ​ចំនួន។ សហជីព​ស្នើ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​សហជីព ដែល​ពួក​គេ​អះអាង​ថា ច្បាប់​នេះ​មិន​ស្រប​តាម​គោលការណ៍​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​រដ្ឋធម្មនុញ្ញ។ មាត្រា​ទាំងនេះ​ក៏​បាន​រារាំង​ពួក​គេ​ក្នុង​ការ​ជួយ​រក​អត្ថប្រយោជន៍​ឲ្យ​កម្មករ​ដែរ។
បើ​ទោះ​ជា​មេ​ដឹកនាំ​សហជីព លោក អាត់ ធន់ មាន​សង្ឃឹម​ថា រដ្ឋសភា និង​រដ្ឋាភិបាល នឹង​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ ដើម្បី​សុំ​សន្លឹក​ឆ្នោត​ក៏ដោយ ប៉ុន្តែ​លោក​មិន​ពេញ​ចិត្ត​ទង្វើ​របស់​អាជ្ញាធរ​ដែល​បិទ​ផ្លូវ មិន​ឲ្យ​កម្មករ​បាន​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ឡើយ។ លោក​បាន​ស្នើ​ឲ្យ​អ្នកស្រី ឡោក ខេង សម្រួល​ឲ្យ​កម្មករ​អាច​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋសភា​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា៕