ថ្ងៃទី២៩ ខេមិថុនា ឆ្នាំ២០១៧ ដកស្រង់៖VOD
ក្រោយពេលរដ្ឋាភិបាលថៃ អនុវត្តន៍​ច្បាប់អន្តោប្រវេសន៍ថ្មី​កាលពី​ពេល​ថ្មី​ៗ ពល​ករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​មិ​ន​តិច​ជាង​៥០០០នាក់ទេ ​ដែល​ត្រូវចាប់​បញ្ជូនត្រលប់​មក​កាន់​កម្ពុជា​វិញក្នុង​មួយ​ថ្ងៃ​ នេះ​ជា​ការ​បញ្ជាក់​របស់​អគ្គស្នងការ​នគរបាល​ជាតិ។
ប្រទេស​ថៃ​ចាប់​ផ្តើមអនុវត្តព្រះរាជក្រឹត្យក្នុងការពង្រឹងនិងរឹតបន្តឹងទៅលើពលករនិងជនអន្តោ​ប្រវេសន៍​​ដែលឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតចាប់​តាំង​ពី​ថ្ងៃ​ទី២៣ មិថុនា ឆ្នាំ២០១៧នេះ​។
ការចុះផ្សាយរបស់អគ្គស្នងការរដ្ឋាននគរបាលជាតិ បានឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២៨ខែមិថុនាម្សិល​មិញ ​សម​ត្ថ​កិច្ច​ថៃបាន​ចាប់​បញ្ជូន​ពលករ​ខ្មែរខុសច្បាប់មក​កម្ពុជា​វិញ​ជាង៥ ០០០នាក់ ដែលថាចំនួន​នេះគឺ​ច្រើន​​ជាង​រាល់​ដង​​ ដែល​​កាល​ពី​មុន​ក្នុង​មួយ​ថ្ងៃ​ ថៃ​ចាប់​បញ្ជូន​មក​ត្រឹម​១៥០នាក់ ទៅ​២០០នាក់​តែ​ប៉ុណ្ណោះ​។
រាជក្រឹ​ត្យ​នៃការគ្រប់គ្រង​ពលករបរទេសរបស់ថៃឆ្នាំ២០១៧នេះ​ មានដូចជាពលករបរទេសណា​ដែល​ធ្វើ​ការដោយមិនបានទទួលការអនុញ្ញាត ឬធ្វើការងាដែលហាមមិនឲ្យពលករបរទេស ធ្វើ​គឺ​មាន​ទោស​ជាប់ពន្ធនាគារ​មិនលើស៥ឆ្នាំ ឬពិន័យជាទឹកប្រាក់ពីមួយពាន់ ទៅមួយសែនបាត ឬទាំងជាប់ ទាំង​ពិន័យ​ជាដើម ហើយលើសពី​នេះ​ ថៅ​កែ​ដែល​ទទួល​កម្ម​ករ​ចំណាក​ស្រុក​ ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ខ្លួន​ក៏ត្រូវ​រង​ការ​ពិន័យ​ផង​ដែរ។
បើ​តាម​ច្បាប់ការងារនៅប្រទេសថៃ ដើម្បី​បាន​ធ្វើ​ការស្រប​ច្បាប់​ ​គឺតម្រូវអោយពល​ករ​ចំណាក​ស្រុក​ចាំបាច់​ត្រូវមានប៉ាស្ព័រ វីសារ និងបណ្ណការងារ(ស៊ីជម្ពូ)៕