ថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០១៧ ដកស្រង់៖VOD
នៅព្រឹកថ្ងៃចន្ទត្រូវនឹងថ្ងៃទី១ខែឧសភា ជាថ្ងៃទិវាពលកម្មអន្តរជាតិ កម្មកររៀបចំហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះជួយដោះស្រាយទុក្ខកង្វល់របស់ពួកគេ ប៉ុន្តែការរៀបចំប្រមូលផ្តុំនៅជិតស្ថានទូតរុស្ស៊ីត្រៀមហែទៅរដ្ឋសភា ត្រូវបានសមត្ថកិច្ចរារាំង។​
នៅម៉ោងជាង៨ព្រឹកនេះ កម្មករបានទៅដល់កន្លែងរៀបចំហែក្បួនប្រមាណ​៥០០នាក់ ចំណែកសមត្ថកិច្ចប្រមាណ១០០នាក់ចេញមុខរារាំងមិនឲ្យរៀបចំហែក្បួនទេ ដោយអះអាងថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់។​ ទោះយ៉ាងណា ការរារាំងចាប់ពីម៉ោង៧ជាង រហូតដល់ម៉ោងជាង៨ព្រឹកនេះ មិនមានហិង្សាណាមួយកើតឡើងនោះទេ។​
បញ្ហាដែលកម្មករលើកឡើងឲ្យថ្នាក់ដឹកនាំបានដឹងនៅព្រឹកនេះរួមមាន ឲ្យ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​សំណង់ ការ​គិត​គូរ​ពី​បញ្ហា​​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ​សំណង់ ការ​ពង្រីក​វិសាល​ភាព​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទៅ​លើ​ក្រុម​កម្មករ​សំណង់ ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​សាង​សង់ និង​ការ​ស្នើ​ឲ្យ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​សហជីព​ដើម្បី​ធានា​នូវ​សេរីភាព​របស់​សហជីព​ក្នុង​ការ​ជួយ​ដល់​ក្រុម​កម្មករ​សំណង់៕