ថ្ងៃទី១៦ ខែ០៥ ឆ្នាំ២០១៧ ដកស្រង់៖RFA
រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​ខ្មែរ អាច​ទៅ​ធ្វើ​ការ​ជា​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ចុង​ខែ​ឧសភា នេះ​វិញ​ហើយ ក្រោយ​ពី​កម្ពុជា បាន​ផ្អាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​របស់​ប្រទេស​ម៉ាឡេស៊ី លោក ដាថុក រីឆាត រ៉ៃយុត ជេម (Datuk Richard Riot jaem) បាន​ព្រមព្រៀង​បញ្ចប់​ការ​ហាមប្រាម​នៅ​ចុង​ឧសភា ខាង​មុខ។
កាល​ពី​ឆ្នាំ​២០១១ លោក ហ៊ុន សែន បាន​ហាម​មិន​អោយ​ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទេ ដោយសារ​តែ​បារម្ភ​ពី​ស្ថានភាព​ការងារ​លំបាក​នៅ​ទី​នោះ។ ស្ត្រី​ភាគ​ច្រើន​ធ្វើ​ការ​ដល់​ទៅ ២០​ម៉ោង ក្នុង ១​ថ្ងៃ ខ្លះ​រង​នូវ​ការ​បង្អត់​អាហារ និង​ការ​យាយី​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ថែម​ទៀត។
អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​មន្ត្រី​ក្រសួង​ការងារ បាន​ឡើយ​ទេ។
យ៉ាង​ហោច​ណាស់​មាន​កម្មការិនី​កម្ពុជា ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រមាណ ៣​សែន​នាក់ កំពុង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ខណៈ​លោក ហ៊ុន សែន បាន​ដាក់​បម្រាម​មិន​ឲ្យ​ស្ត្រី​ខ្មែរ​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​នេះ​ទៀត៕