ថ្ងៃទី២៨ ខែសីហា​ ឆ្នាំ​២០១៧ ដកស្រង់៖RFA
រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា នេះ បាន​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​អនុក្រឹត្យ​ដោយ​ផ្ដល់​ការ​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃ​សម្រាប់​និយោជិត​នៅ​គ្រប់​វិស័យ ហើយ​និយោជក​គឺ​ជា​អ្នក​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និយោជិត​ក្រោម​បង្គាប់។ កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨ ត​ទៅ។
មន្ត្រី​សហជីព​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​កែ​សម្រួល​អនុក្រឹត្យ​ថ្មី ដាក់​កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ទៅ​កាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) ផ្នែក​ថែទាំ​សុខភាព​ឲ្យ​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា វា​ជា​រឿង​មួយ​ល្អ​សម្រាប់​កម្មករ​ដែល​បច្ចុប្បន្ន​ពួកគាត់​បាន​បង់​លើ​របប​ថែទាំ​សុខភាព ១,៣% ឬ​រង្វង់​ទឹក​ប្រាក់​ជាង ២​ដុល្លារ ឬ​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ លោក​ថា បើ​អនុវត្ត​បែប​នេះ គឺ​អាច​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​ម្នាក់​យ៉ាង​ហោច​ណាស់ ៣០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​លោក​នឹង​ពិនិត្យ​តាមដាន​ចំពោះ​បញ្ហា​នេះ ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ភាព​ទូលំទូលាយ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​បន្ថែម និង​កែប្រែ​បទបញ្ញត្តិ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៖ «ខ្ញុំ​មិន​ដឹង​ថា​អនុក្រឹត្យ​ហ្នឹង​សម្រាប់​តែ​អ្នក​ដែល​បាន​បង់ ហើយ​បាន​ត្រូវការ​បង់​ជំនួស​ចុះ​អ្នក​ផ្សេង​ទៀត​ដែល​កម្មករ​អត់​បាន​បង់ ឬ​កម្មករ​ផ្សេង​ទៀត​ដែល​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា​បាន​ដែរ អា​ហ្នឹង​គាត់​បាន​យ៉ាង​ម៉េច? យើង​អត់​ច្បាស់ យើង​អត់​ទាន់​ដឹង ហើយ​គាត់​បាន​ពេល​ណា? ព្រោះ​ពេល​បច្ចុប្បន្ន អ្នក​បង់​ទើប​បាន ហើយ​អ្នក​អត់​បង់ អត់​បាន ចុះ​ថ្ងៃ​ក្រោយ​ទៅ គាត់​ប្រកាស​ថា​អ្នក​ផ្សេង​ក៏​បាន​ដែរ ខ្ញុំ​អត់​ទាន់​ឃើញ​ឯកសារ​អី​បញ្ជាក់​ច្បាស់»។
អនុក្រឹត្យ​ថ្មី​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ស្ដីពី​ការ​កែសម្រួល​មាត្រា​៧ នៃ​អនុក្រឹត្យ​លេខ​០១ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​បាន​កែសម្រួល​ត្រង់​មាត្រា​៧។ មាត្រា ៧​ថ្មី ចែង​ថា និយោជក និង​កម្មករ និយោជិត ត្រូវ​មាន​កាតព្វកិច្ច​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់ ប.ស.ស រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។ កាតព្វកិច្ច​នៃ​ការ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​នេះ ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទុក​ទាំង​ស្រុង​របស់​និយោជក​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨ ត​ទៅ។
អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា កម្មករ​និយោជិត​នៅ​គ្រប់​វិស័យ​ទាំង​អស់ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ដើម​ឆ្នាំ​២០១៨ ត​ទៅ។
កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រី​ឯ​ចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។ លោក​ក៏​បាន​សន្យា​ទៀត​ថា នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​ការងារ។
កន្លង​មក​មន្ត្រី​សហជីព និង​កម្មករ​ធ្លាប់​បាន​ត្អូញត្អែរ​ថា មន្ទីរពេទ្យ​មួយ​ចំនួន​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​និយោជិត​ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ពួកគេ​មាន​ប័ណ្ណ​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម៕