ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA
សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិល.ស៊ី (CLC) ដែល​ធ្វើ​ការ​ការពារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​កម្មករ បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​រង​នូវ​សម្ពាធ​មក​លើ​សហជីព និង​កម្មករ​របស់​ពួក​គេ។ បញ្ហា​ទាំងនោះ​មាន​ដូចជា មន្ត្រី​សហជីព និង​កម្មករ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ បញ្ឈប់​ពួក​គេ​ពី​ការងារ និង​កម្មករ​រង​អំពើ​ហិង្សា និង​របួស​ស្នាម ជាដើម។
មន្ត្រី​សហភាព​ការងារ​កម្ពុជា ចាត់​ទុក​ថា ចាប់​តាំង​ពី​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សហជីព​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ មក ពួក​គេ​បាន​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​បំពេញ​ការងារ និង​ការ​ស្វែងរក​យុត្តិធម៌​ជូន​កម្មករ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ត្រួត​ពិនិត្យ​ចំពោះ​មន្ទីរ​ការងារ និង​មន្ត្រី​ដោះស្រាយ​វិវាទ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការពារ ឬ​កាង​ឲ្យ​ក្រុមហ៊ុន ត្រូវ​បញ្ឈប់ ពុំ​នោះ​ទេ បញ្ហា​រឿង​អយុត្តិធម៌​បាន​ធ្លាក់​ទៅ​លើ​កម្មករ​កាន់​តែ​រីក​ធំ​ឡើង។
លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​កែប្រែ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ឃុបឃិត​ជាមួយ​និយោជក និង​ដាក់​ទោស​មន្ត្រី​ទាំងនោះ រួម​ទាំង​និយោជក​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​កំហុស៖ «មាន​មន្ត្រី​មួយ​ចំនួន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ឬ​គាត់​ធ្វើ​ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន។ ឆ្នាំ​មុនៗ​មិន​ទាន់​មាន​ច្បាប់​សហជីព​ចេញ គាត់​ធ្វើ​អ្វី​តែង​តែ​បរាជ័យ​នៅ​ពេល​ដែល​យើង​ប្ដឹង​ទៅ​ដល់​ក្រសួង ប៉ុន្តែ​នៅ​ពេល​ច្បាប់​សហជីព​ចេញ​ថ្មី​នេះ គេ​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​គេ​ធ្វើ​ប្រតិភូកម្ម​អំណាច​ឲ្យ​គាត់​ហ្នឹង មាន​ន័យ​ថា​គាត់​មាន​សិទ្ធិ​បញ្ឈប់​សហជីព មាន​សិទ្ធិ​មិន​ដោះស្រាយ​រឿង មាន​សិទ្ធិ​ពន្យារ​ពេល​ដោះស្រាយ​រឿង មាន​សិទ្ធិ​ទាំងអស់​ដូច​ក្រសួង ដូច​រដ្ឋមន្ត្រី​ដែរ ហើយ​នៅ​ពេល​ដែល​គាត់​មិន​ទាន់​ឯករាជ្យ​ច្បាស់លាស់ មាន​ន័យ​ថា​គាត់​អាច​ប្រើប្រាស់​សិទ្ធិ​ទៅ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ប្រយោជន៍​របស់​កម្មករ​ធំ​ទៅៗ»។
អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​២ កុម្ភៈ។
សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សហភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិល.ស៊ី (CLC) នៅ​ថ្ងៃ​ទី​២ កុម្ភៈ ឲ្យ​ដឹង​ថា ឧបសគ្គ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​មាន​ជាអាទិ៍ ពេល​មាន​ការ​រំលោភ​ផ្សេងៗ សិទ្ធិ​តំណាង​ឲ្យ​កម្មករ​ត្រូវ​បាន​ដក​ហូត និង​កម្រិត​ទាប​ជាង​មុន ដោយសារ​តែ​សេចក្ដី​សម្រេច​ទៅ​ឲ្យ​មន្ទីរ​ការងារ មាន​ការ​ប្រើប្រាស់​សិទ្ធិ​មិន​បាន​ត្រឹមត្រូវ មាន​ការ​បកស្រាយ​ច្បាប់​ផ្ទុយ​គ្នា បង្កើត​លក្ខខណ្ឌ​ច្រើន​លើស​ពី​ច្បាប់ និង​មាន​ភាព​ស្មុគស្មាញ ជា​ហេតុ​នាំ​ឲ្យ​សហជីព​ឯករាជ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​ការ​រំលោភ​ផ្សេងៗ​មក​លើ​កម្មករ ដែល​មាន​បញ្ហា​ប្រឈម​ជាក់ស្ដែង ដូចជា សិទ្ធិ​តំណាង​ដោះស្រាយ​វិវាទ​រួម សិទ្ធិ​សុំ​បញ្ជាក់​ភាព​ជា​តំណាង​បំផុត សិទ្ធិ​ចុះ​បញ្ជី​ការ​សហជីព សិទ្ធិ​កូដកម្ម និង​សិទ្ធិ​ធ្វើ​សកម្មភាព​សហជីព​នានា។
សេចក្ដី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ក្នុង​ការ​តស៊ូ​មតិ​ការពារ​សិទ្ធិ​កម្មករ​ជាមួយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ជា​លទ្ធផល ពួក​គេ​បាន​ទទួល​រង​នូវ​ការ​ប្ដឹង​ប្រឆាំង​ពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​ទៅ​តុលាការ​យ៉ាង​អយុត្តិធម៌​ចំនួន ២៦​ករណី ក្នុង​នោះ​មាន ១០០​នាក់​ជា​បុរស ២៦​នាក់​ជា​ស្ត្រី។ ក្រៅ​ពី​នោះ មាន​កម្មករ​ជិត ៤​ម៉ឺន​នាក់​រង​ការ​បញ្ឈប់​ពី​ការងារ ប៉ុន្តែ​ក្រោយ​ពី​ការ​តស៊ូ​មតិ​ផ្នែក​ច្បាប់ ក្នុង​នោះ​មាន​ជាង ១​ម៉ឺន​នាក់​បាន​ចូល​ធ្វើ​ការ​វិញ និង​បាន​ទទួល​សំណង​ប្រាក់​រំឭក។ កម្មករ​រង​អំពើ​ហិង្សា​រហូត​ដល់​មាន​របួស​ស្នាម​ចំនួន ៣​ករណី ដែល​ជន​រងគ្រោះ​ចំនួន ១៤​នាក់​ជា​បុរស។
ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា បាន​គាំទ្រ​ចំពោះ​របាយការណ៍​ដែល​បាន​កត់ត្រា​ការ​រំលោភ​បំពាន និង​បញ្ហា​ដែល​បាន​ជួប​ប្រទះ។ លោក​ថា ជា​ការពិត​ចាប់​តាំង​ពី​មាន​ការ​អនុម័ត​ច្បាប់​សហជីព​នេះ អ្វី​ដែល​ជា​ឧបសគ្គ​របស់​សហជីព គឺ​ជា​ភាព​សំអាង​របស់​សហជីព​ដែល​ត្រូវ​រង​បណ្ដឹង​ពី​ថៅកែ បន្ទាប់​ពី​សហជីព​ជូន​ដំណឹង​អំពី​ការ​បោះឆ្នោត ឬ​បង្កើត​សហជីព​ដែល​ភ្ជាប់​ជាមួយ​បញ្ជី​ឈ្មោះ​សមាជិក​ស្ថាបនិក ដែល​ធ្វើ​ឲ្យ​ភាគី​រោងចក្រ​បញ្ឈប់។ នៅ​ពេល​ដែល​សហជីព​យក​បណ្ដឹង​ទៅ​ក្រសួង ឬ​មន្ទីរ​ការងារ ពួក​គេ​តែង​បដិសេធ​មិន​ទទួល​បណ្ដឹង​ដោយ​យក​លេស​ថា សហជីព​មិន​មែន​សហជីព​ដែល​មាន​ភាព​តំណាង​បំផុត​ក្នុង​រោងចក្រ ដែល​ផ្អែក​ទៅ​លើ​ច្បាប់​សហជីព។
លោក​ថា អ្វី​ដែល​គួរ​ធ្វើ​ចាំបាច់​បំផុត​នោះ រដ្ឋាភិបាល​គួរ​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព និង​គួរ​តែ​មាន​វិធានការ​រដ្ឋបាល និង​ច្បាប់​ដាក់​ទោស​វិន័យ​ឲ្យ​បាន​ច្បាស់លាស់ លើ​មន្ត្រី​អនុវត្ត​តួនាទី​របស់​ខ្លួន​មិន​ត្រឹមត្រូវ៖ «បើ​សិន​យើង​អត់​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​ទេ កម្មករ​ពិបាក​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៣៦​នៃ​រដ្ឋធម្មនុញ្ញ អំពី​សិទ្ធិ​ក្នុង​ការ​បង្កើត ចូលរួម និង​សេរីភាព​សហជីព ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​របស់ ILO ទៀត»។
សេចក្ដី​ថ្លែងការណ៍​ក៏​បាន​គូស​ចំណាំ​ដែរ​ថា មាន​កម្មករ​ជាង ១​ពាន់​នាក់​ក្នុង​ចំណោម ១៨​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៦ បាន​ដួល​សន្លប់​ដោយសារ​តែ​ថែម​ម៉ោង​ហួស​កម្លាំង និង​បរិយាកាស​មិន​ល្អ រួម​ទាំង​ជាតិ​គីមី​ពុល។ ទន្ទឹម​នឹង​គ្នា​នោះ មាន​កម្មករ​គ្រោះថ្នាក់​ការងារ ៥.៦០៩​ករណី ដែល​មាន​អ្នក​គ្រោះថ្នាក់ ៧.៤៤៦​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១០៣​នាក់៕