ថ្ងៃទី២៤ ខេឧសភា ឆ្នាំ២០១៧ ដកស្រង់៖RFI
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គជប និង​ក្រសួង​ការងារ កំពុង​តែ​ពិភាក្សា​គ្នាអំពី​ការ​​ផ្ដល់​ថ្ងៃ​​​សម្រាកបន្ថែម​ដល់​កម្មករ​វិស័យ​វាយនភណ្ឌ ដើម្បី​​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់នៅ​ស្រុក​កំណើត​។ ចំពោះ​សហជីព​ការពារ​កម្មករ ការ​ផ្ដល់​ថ្ងៃ​​សម្រាកបន្ថែម​នេះ​សំខាន់​ណាស់ដើម្បី​ធានា​ថា កម្មករ-កម្មការិនី មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោតបាន​គ្រប់​ៗ​គ្នា​។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប បាន​អះអាងប្រាប់​វិទ្យុ​បារាំង​​ថា គជប ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ បាន​ចូល​រួម​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា​ ព្រោះ​កម្រិត​នៃ​ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ពលរដ្ឋ ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​ផ្ដល់​ថ្ងៃសម្រាក​បន្ថែម​ដល់​កម្មករ​-កម្មការិនី គជប ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ​ជា​មុន​សិន ដោយ​ផ្អែក​ទៅ​លើ​អង្គ​ច្បាប់ ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ភាគ​ច្រើន និង​លទ្ធភាព​នៃ​ការ​អនុវត្ត​។ គជប មិន​ចង់សម្រេច​ទៅ​ហើយ ប៉ុន្តែ​អនុវត្ត​មិន​បាន​ ដោយ​សារ​តែ​ការ​សម្រេច​នោះ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​និយោជិកឬ​ភាគី​ណាមួយទេ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ គជប​។
អ្នក​នាំ​ពាក្យ​ដដែល បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ គជប បាន​​បញ្ជូន​មន្ដ្រី​ជំនាញ​របស់​ខ្លួន​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ​ហើយ។ លទ្ធផល​យ៉ាង​ណា​នោះ គជប នឹង​ជូន​ដំណឹង​តាម​ក្រោយ​។
គួរ​ជម្រាប​ជូន​ថា ជំនួប​រវាង គជប និង ក្រសួង​ការងារនា​ពេល​​នេះ ធ្វើ​ឡើង​តាម​រយៈ​សំណើ​របស់​សហភាព​ការងារ​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​៩​ឧសភា​ សហភាព​ការងារ​កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ប្រធាន គជប លោក ស៊ិក ប៊ុនហុក ស្នើ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ សហការ​ជាមួយ​ក្រសួង​ការងារ ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ពីរ​ថ្ងៃ​បន្ថែម​ទៀត ដល់​កម្មករ​និយោជិត ដោយ​មិន​មាន​ការ​កាត់​ប្រាក់​ឈ្នួល​​។ សម្រាប់​សហភាព​ការងារ​កម្ពុជា ការ​ផ្ដល់​ថ្ងៃ​ឈប់​​ចំនួន​២​ថ្ងៃ​បន្ថែម​ពី​លើ​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា​ នឹង​អនុញ្ញាត​ឲ្យ​​និយោជិត​មាន​ពេល​គ្រប់​គ្រាន់ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​ និង​ត្រឡប់​មក​ធ្វើ​ការ​វិញ​ទាន់​ពេល​វេលា​។
បន្ថែម​ពី​លើ​សហជីព គណបក្ស​នយោបាយ​ ក៏​បាន​អំពាវនាវដល់​បណ្ដានិយោជក ផ្ដល់​ពេល​វេលា​សម​ស្រប​សម្រាប់​និយោជិត​ទៅ​បោះ​ឆ្នោតផង​ដែរ​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ឧសភា ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​យោគយល់​របស់​និយោជក ថា​ជា​ការ​ចូល​រួម​ក្នុង​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ គណបក្ស​នេះ​ក៏​បាន​ស្នើ​ឲ្យ គជប ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កម្មករ​និយោជិត​ពី​ចម្ងាយ ​ឲ្យ​បាន​បោះ​ឆ្នោត​ឆាប់​រហ័ស ដើម្បី​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទាន់​ពេល​វេលា​ផង​ដែរ​៕