ថ្ងៃទី២៧ ខេឧសភា ឆ្នាំ២០១៧ ដកស្រង់៖VOD
បុគ្គលិក និង កម្មករធ្វើការតាមរោងចក្រ  ក្រុមហ៊ុន សហគ្រាសមួយចំនួននៅភ្នំពេញ​ថ្លែងថា ពួកគាត់នឹងមិនបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទេ បើរដ្ឋាភិបាលមិនជួយសម្រួលទៅ ថៅកែពួកគេឲ្យឈប់បានលើសពីមួយថ្ងៃព្រោះផ្ទះរបស់ពួកគាត់នៅខេត្តឆ្ងាយៗ។​
ក្រុមការងារព័ត៌មានរបស់វីអូឌី បានចុះសាកសួរកម្មករតាមរោងចក្រ និង បុគ្គលិកមួយចំនួន​នៅរាជធានីភ្នំពេញ ពីការទៅបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនា។ កម្មករនិងបុគ្គលិកដែលផ្តល់បទសម្ភាសន៍ទាំងនោះអ្នកខ្លះថា ផ្ទះគាត់ត្រូវការធ្វើដំណើរមួយថ្ងៃ ចឹងគាត់ត្រូវការធ្វើដំណើរមួយថ្ងៃទៅ មួយថ្ងៃមកភ្នំពេញវិញសរុបត្រូវឈប់យ៉ាងតិច៣ថ្ងៃ ទើបគ្រប់គ្រាន់។
​ភាគច្រើនពួកគេបង្ហាញអារម្មណ៍ចង់ទៅបោះឆ្នោត ប៉ុន្តែថា បើរោងចក្រសហគ្រាសពួកគាត់​មិនអនុញ្ញាតឲ្យឈប់មុននិងក្រោយថ្ងៃបោះឆ្នោតទេ គឺពួកគាត់មិនទៅទេ ព្រោះបារម្ភបាត់បង់ការងារ ឬ ត្រូវថៅកែកាត់ប្រាក់ឈ្នួល។​
ថ្មីៗសហជីពបានស្នើឲ្យគ.ជ.ប ពិភាក្សាជាមួយក្រសួងការងារដើម្បីផ្តល់ឲ្យកម្មករ និយោជិតអាចឈប់សម្រាក មុន និងក្រោយការបោះឆ្នោត១ថ្ងៃសរុប៣ថ្ងៃ។ ករណីនេះ គ.ជ.ប បានបញ្ជូនមន្ត្រីច្បាប់ទៅពិភាក្សាជាមួយក្រសួងការងារកាលពីថ្ងៃទី២៣ខែឧសភា ប៉ុន្តែក្រសួងការងារឆ្លើយតបថា មានការរវល់ច្រើនមិនមានពេលពិភាក្សានោះទេ។
គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណបក្សសង្គ្រោះជាតិ បានចេញលិខិតអំពាវនាវបន្តបន្ទាប់ ដើម្បីឲ្យថៅកែរោងចក្រ ក្រុមហ៊ុន ឬ សហគ្រាសទាំងអស់ ឲ្យជួយសម្រួលពេលវេលាសមស្រប ដើម្បីឲ្យកម្មករ បុគ្គលិកមានពេលគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោត។