ថ្ងៃទី០៩ ខែសីហា ឆ្នាំ​២០១៧ ដោយ៖RFA
កម្មការិនី​បម្រើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤៦​នាក់ បាន​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​៩ សីហា ដោយ​មាន​ការ​អះអាង​ពី​មូលហេតុ​ផ្សេងៗ​គ្នា ដោយ​ខ្លះ​ថា​មក​ពី​រឿង​អបិយ​ជំនឿ ខ្លះ​ថា​មក​ពី​បញ្ហា​សុខភាព។
កម្មការិនី​បាន​ដួល​សន្លប់​ពេល​ព្រឹក​ម៉ោង ៧​កន្លះ នៅ​អគារ​១៥ ១៦ ១៧ នៃ​រោងចក្រ ញ៉ូវ អរេន (New Orient) ដែល​ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា (Canadia) តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ភូមិ ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។
កម្មការិនី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ក្បែរ​រោងចក្រ ដែល​មាន​សេវា​របប​បេឡា​សន្តិសុខ​សង្គម (ប.ស.ស) របស់​ក្រសួង​ការងារ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ផ្នែក​កាត់​ដេរ​សម្លៀកបំពាក់​ទទួល​សេវា​សុខភាព​ដោយ​មិន​គិត​ថ្លៃ។
កម្មការិនី​ម្នាក់​ឈ្មោះ ភារម្យ ពន្លឺ វ័យ ២៦​ឆ្នាំ មាន​ទឹក​មុខ​ស្លេកស្លាំង ដៃ​ព្យួរ​សេរ៉ូម ហើយ​មាន​មិត្តភ័ក្ដិ​ម្នាក់​អង្គុយ​ចាំ​ថែទាំ។ នាង​ងើប​អង្គុយ ហើយ​រៀបរាប់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​នាង​បាន​ដួល​សន្លប់ ចាប់​តាំង​ពី​នាង​ចូល​បម្រើ​ការ​នៅ​ផ្នែក​កាត់​ដេរ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល ៨​ខែ។ ពេល​សួរ​ថា តើ​នាង​មាន​អាការៈ​យ៉ាង​ដូចម្តេច​មុន​ពេល​ដួល​សន្លប់? កញ្ញា ភារម្យ ពន្លឺ ឲ្យ​ដឹង​ថា នាង​បាន​មើល​ឃើញ​ព្រលឹង​អរូបិយ​មក​តាម​ហៅ​នាង ហើយ​ឃើញ​ដាម​ឈាម​រហាច​នៅ​ក្នុង​រោងចក្រ៖ «ពេល​ចូល​ដល់​ក្នុង​រោងចក្រ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក​ក្នុង​ខ្លួន​មែនទែន។ ខ្ញុំ​អត់​ដឹង​ថា​មក​ពី​មូលហេតុ​អី​ដែរ»។
នាង​បន្ត​ថា បរិយាកាស​ក្នុង​រោងចក្រ គឺ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ហើយ​ផ្លិត​ទឹក និង​កង្ហារ​ខ្យល់​ត្រូវ​បាន​បើក​រួច​រាល់​អស់​ហើយ។
លទ្ធផល​នៃ​ការ​អង្កេត​បឋម​របស់​គ្រូពេទ្យ បាន​បង្ហាញ​ថា កម្មការិនី​បាន​ដួល​សន្លប់​ដោយសារ​មូលហេតុ​ចំនួន​បី គឺ​ខ្វះ​ជាតិ​ស្ករ សម្រាក​មិន​គ្រប់គ្រាន់ និង​ភ័យ​ត​គ្នា។
កាល​ពី​ថ្ងៃ​ទី​៧ សីហា កម្មការិនី​ចំនួន​ជិត ៦០​នាក់​បាន​ដួល​សន្លប់​នៅ​រោងចក្រ​នេះ​ដែរ។ រោងចក្រ​នេះ​មាន​កម្មករ​បម្រើ​ការ​ជាង ១​ពាន់​នាក់ ដែល​ផលិត​សំពត់​ខោ​អាវ។
ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្មការិនី​ភាគច្រើន​ដែល​បាន​សន្លប់​នៅ​ថ្ងៃ​ទី​៩ សីហា ជា​អ្នក​ដែល​បាន​សន្លប់​កាល​ពី​ពីរ​ថ្ងៃ​មុន។ មូលហេតុ​កម្មការិនី​ខ្លះ​មិន​ទាន់​ជាសះស្បើយ តែ​មិន​ហ៊ាន​សម្រាក​នៅ​ផ្ទះ ដោយ​គ្មាន​អ្នក​ថែរក្សា ហើយ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​វិញ។
លោក​បន្ថែម​ថា តាម​រយៈ​ការ​ពិភាក្សា​រវាង​តំណាង​រោងចក្រ និង​កម្មករ ថៅកែ​បាន​សម្រេច​ឲ្យ​កម្មការិនី​ដែល​បាន​ដួល​សន្លប់​ទាំងនោះ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​ដល់​ជាសះស្បើយ ដោយ​មិន​កាត់​ប្រាក់ខែ ដើម្បី​ជៀសវាង​ការ​ដួល​សន្លប់​នេះ​ម្តង​ទៀត ហើយ​រោងចក្រ​ក៏​បាន​រៀបចំ​សែនព្រេន​តាម​អបិយ​ជំនឿ។
តួលេខ​របស់​របប​សន្តិសុខ​សង្គម (ប.ស.ស) បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ អត្រា​កម្មករ​ដែល​បាន​ដួល​សន្លប់​កើន​ឡើង​ចំនួន ៣៩​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦។ ពេញ​មួយ​ឆ្នាំ​២០១៦ មាន​កម្មករ​ចំនួន ១.១៦០​នាក់​បាន​ដួល​សន្លប់។
កម្មករ​វិស័យ​វាយនភ័ណ្ឌ ជា​រឿយៗ​ត្អូញត្អែរ​ពី​ការ​ខ្វះ​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។
ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក អាត់ ធន់ លើក​ឡើង​ថា បញ្ហា​ប្រាក់ខែ​មិន​គ្រប់គ្រាន់ បង្ខំ​ឲ្យ​កម្មករ​ចាយ​ត្បិតត្បៀត​លើ​ម្ហូប​អាហារ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មាន​កម្លាំងកំហែង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ៖ «ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូទាំង​ប្រទេស​ផ្តល់​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​កម្មករ។ រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ទាំងអស់​ទូទាំង​ប្រទេស ពិនិត្យ​មើល​ថា​តើ​ពួក​គេ​បាន​ធ្វើ​ត្រឹមត្រូវ​សម្រាប់​កម្មករ ឬ​អត់? ថែម​ម៉ោង​ច្រើន​អត់? បើ​ថែម​ម៉ោង​ច្រើន គួរ​បន្ថយ​ជា​បន្ទាន់​ទៅ។ តើ​ក្នុង​រោងចក្រ​មាន​សារធាតុ​គីមី ធូលី​អត់? បើ​មាន ត្រូវ​តែ​កែ ធ្វើ​តាម​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព»។
កាល​ពី​សប្ដាហ៍​មុន កម្មការិនី​ម្នាក់​ឈ្មោះ មាស ស្រីល័ក្ខ បាន​ដួល​សន្លប់ និង​ស្លាប់​ភ្លាមៗ​ក្នុង​រោងចក្រ យ៉ាកជីន (Yakjin) នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​ធ្វើ​ការ​ថែម​ម៉ោង ខណៈ​ដែល​នាង​មិន​បាន​ហូប​ចុក​គ្រប់គ្រាន់ និង​មាន​ជំងឺ​ប្រចាំ​កាយ ដែល​នេះ​ជា​ករណី​ស្លាប់​ដោយសារ​ការ​ដួល​សន្លប់​លើក​ទី​បី ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ មក៕