កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើ​ការ​សំណង់​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មួយ​នេះ ចេញ​ធ្វើ​អន្តរាគមន៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់ បន្ទាប់​ពី​មេការ​ម៉ៅ​សំណង់​មិន​ព្រម​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ជាច្រើន​ខែ។ កម្មករ​ទាំងនេះ​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​អំពាវនាវ​ដល់​អាជ្ញាធរ​នេះ ស្រប​ពេល​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​រឹត​តែ​ខ្លាំង និង​មិន​មាន​លុយ​សង​បំណុល។

អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​ដែល​អ្នក​ម៉ៅការ​សំណង់​ឈ្មោះ សុ វិចិត្រ បាន​រក​លេស​មិន​បើក​ប្រាក់​ថ្លៃ​ពលកម្ម​ឲ្យ​កម្មករ​សំណង់​ចំនួន ១១​នាក់ ថ្វីត្បិតតែ​មក​ដល់​ពេល​នេះ កម្មករ​ទាំងនេះ​កំពុង​ប្រឈម​ការ​លំបាក​គ្មាន​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​ក្ដី។

ស្ត្រី​កម្មករ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង លោកស្រី ហ៊ួន ជា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៨ មករា ថា លោកស្រី​បាន​មក​បម្រើ​ការ​ជា​កម្មករ​សំណង់​ជាមួយ​កូនៗ​ចាប់​ពី​ខែ​សីហា លុះ​ដល់​ខែ​វិច្ឆិកា ចំ​រដូវ​ភ្ជុំ​បិណ្ឌ លោកស្រី​បាន​ទៅ​សុំ​បើក​ប្រាក់​ថ្លៃ​ពលកម្ម ដើម្បី​ទៅ​លេង​ស្រុក​កំណើត ប៉ុន្តែ​ត្រូវ​បាន​អ្នក​ម៉ៅការ​ឈ្មោះ សុ វិចិត្រ សន្យា​ថា​នឹង​បើក​ប្រាក់​សរុប​ឲ្យ ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​ឲ្យ​ខ្ចី​លុយ​ចំនួន ៣០​ម៉ឺន​រៀល​ទៅ​វិញ ហើយ​ដែល​ជា​ទឹក​ប្រាក់​ដែល​មិន​គ្រប់គ្រាន់​សម្រាប់​លោកស្រី​នាំ​កូនៗ​ទៅ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំ​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ៖ «ប្រាក់​ថ្លៃ​ឈ្នួល​មិន​ទាន់​ឲ្យ​ខ្ញុំ គឺ​មាន​ជាង ១​លាន​រៀល​ទៀត រីឯ​កូន​ខ្ញុំ​វិញ​ពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​មាន​ជាង ២​លាន»។

លោកស្រី ហ៊ួន ជា បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​ពួក​គាត់​លើក​គ្នា​មក​ស៊ី​ឈ្នួល​ធ្វើ​សំណង់​នៅ​ទីក្រុង​បែប​នេះ ព្រោះ​តែ​គ្មាន​ចំណេះ​ដឹង និង​មិន​ដឹង​ថា​រក​អ្វី​ផ្សេង​ធ្វើ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត ហើយ​អ្នក​ខ្លះ​មិន​មាន​ដី​ស្រែ ជាដើម។ រយៈពេល​កន្លង​មក លោកស្រី​ធ្លាប់​ទៅ​និយាយ​រឿង​ថ្លៃ​ឈ្នួល​ពលកម្ម​ជាមួយ​លោក សុ វិចិត្រ ប៉ុន្តែ​លោក សុ វិចិត្រ បាន​ឆ្លើយ​ឲ្យ​រង់ចាំ​ប៉ុណ្ណោះ។

លោកស្រី ហ៊ួន ជា បញ្ជាក់​ថា បច្ចុប្បន្ន​ក្រៅ​ពី​គ្មាន​លុយ​ទិញ​អង្ករ​ចិញ្ចឹម​ជីវិត លោកស្រី និង​កូនៗ​កំពុង​ពិបាក​ចិត្ត​រឿង​ជំពាក់​លុយ​ធនាគារ​ថែម​ទៀត។

បច្ចុប្បន្ន កម្មករ​ទាំង ១១​នាក់​ដែល​ទាមទារ​ប្រាក់​ថ្លៃ​ពលកម្ម​ទាំងនេះ​បញ្ជាក់​បន្ថែម​ថា ពួក​គាត់​កំពុង​ស្នាក់នៅ​ក្នុង​កន្លែង​កម្មករ​មួយ​កន្លែង​ស្ថិត​ក្បែរ​ក្រុមហ៊ុន​រតនា​ឧកញ៉ា​ម៉េង នៅ​សង្កាត់​សែនសុខ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ទូទាត់​ប្រាក់​ថ្លៃ​ពលកម្ម​ពី​អ្នក​ម៉ៅការ ប៉ុន្តែ​មក​ដល់​ពេល​នេះ ហាក់​ស្ងាត់​ឈឹង។ កម្មករ​អះអាង​ថា មេការ​ឈ្មោះ សុ វិចិត្រ គឺ​ជា​អ្នក​ម៉ៅការ​សាងសង់​វីឡា​ឯកជន។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នក​ម៉ៅការ​ឈ្មោះ សុ វិចិត្រ បាន​ទេ​នៅ​ថ្ងៃ​ទី​៨ មករា ថ្វីត្បិតតែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

កម្មករ​សំណង់​ម្នាក់​ទៀត លោក ចាន់ សុខុន មក​ពី​ខេត្ត​បាត់ដំបង បញ្ជាក់​ថា អ្នក​ម៉ៅការ​សំណង់​បាន​ឲ្យ​ថ្លៃ​ឈ្នួល​លោក​មួយ​ថ្ងៃ​ប្រហែល ៤​ម៉ឺន​រៀល​សម្រាប់​អ្នក​ដែល​អាច​រៀប​ឥដ្ឋ ឬ​បូក​ជញ្ជាំង ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ដើម្បី​ផ្ញើ​ទៅ​គ្រួសារ​នៅ​ឯ​ស្រុក​ឡើយ ស្រប​ពេល​ប្រពន្ធ​ចោទ​ថា​លោក​កំពុង​ផិត​ក្បត់​នៅ​ពេល​មិន​ឃើញ​មាន​ប្រាក់​ផ្ញើ​ទៅ​ឲ្យ៖ «មេការ​បញ្ជាក់​ថា រង់ចាំ​សិន​ទៅ ទម្រាំ​គាត់​ដក​បាន ដក​ឯណា​ទៀត បើ​គាត់​ដក​អស់​ហើយ​ហ្នឹង ព្រោះ​ខ្ញុំ​បាន​ទៅ​សួរ​ម្ចាស់​ផ្ទះ»។

កម្មករ​រូប​នេះ​អះអាង​បន្ត​ថា ខាង​កម្មករ​ទាំង ១១​នាក់​ហាក់​អស់​សង្ឃឹម ដោយសារ​កន្លង​មក ការ​ពឹងពាក់​ឲ្យ​អាជ្ញាធរ​ក្នុង​ខណ្ឌ និង​សង្កាត់​សែនសុខ ជួយ​រក​អន្តរាគមន៍ ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ។ ទោះ​បី​ជា​យ៉ាង​ណា កម្មករ​ចំណាក​ស្រុក​ទាំងនេះ​បញ្ជាក់​ថា មាន​តែ​អាជ្ញាធរ​ទេ​ដែល​អាច​ជួយ​ពួក​គាត់ ដើម្បី​ដោះស្រាយ​ភាព​លំបាក​នៅ​ពេល​នេះ​បាន។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខណ្ឌ​សែនសុខ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៨ មករា។

សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​របស់​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា ជំរឿន​ពលរដ្ឋ​ឆ្នាំ​២០០៨ និង​ពាក់​កណ្ដាល​ជំរឿន​ឆ្នាំ​២០១៣ បង្ហាញ​ថា យុវជន ១៨,១​ភាគរយ បាន​ធ្វើ​ការងារ​ជា​កម្មករ​នៃ​ចំនួន​យុវជន​សរុប។ សៀវភៅ​នេះ​បន្ត​ថា យុវជន​ភាគច្រើន​ធ្វើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិន​បាន​អនុវត្ត​ច្បាប់​ការងារ និង​មិន​មាន​សហជីព​គាំទ្រ គឺ​មាន​តែ ៣,៥​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​សហជីព។ ជា​រួម យុវជន​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ និង​អត់​ការងារ​ធ្វើ។

ថ្វីត្បិតតែ​អាជ្ញាធរ​ព្រងើយ​កន្តើយ​បែប​ណា​ក្ដី ក៏​កម្មករ​ទាំង ១១​នាក់​ដែល​ទាមទារ​ប្រាក់​ថ្លៃ​ឈ្នួល​ពលកម្ម​នេះ នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សែនសុខ ឬ​លោក​នាយក​រដ្ឋមន្ត្រី​តែ​ម្ដង នៅ​ពេល​ដឹង​រឿង​នេះ គួរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផល​លំបាក​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ផង និង​មិន​ត្រូវ​ទុក​ឲ្យ​ពួក​គាត់​ជា​ពលរដ្ឋ​សាមញ្ញ​បន្ត​រង​ភាព​អយុត្តិធម៌​បែប​នេះ​ទៀត​ទេ៕