ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៧ ដកស្រង់៖VOD
ក្រុម​កម្មករ​សំណង់​ជាច្រើន​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភានៅ​ព្រឹក​ថ្ងៃអាទិត្យទី៣០មេសា​នេះ ដើម្បី​ជាការ​រំលឹក​ខួប​លើក​ទី១៣១​ឆ្នាំ នៃ​ទិវា​ពលកម្ម​អន្តរជាតិ០១ឧសភា ជាមួយ​ការ​ស្នើ​សុំ៥​ចំណុច​ទៅ​​រដ្ឋ​សភា ក៏​ដូចជា​រដ្ឋាភិបាល​ផងដែរ។
អគ្គលេខាធិការ​​សហព័ន្ធ​សហជីព​​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក យ៉ាន់ ធី បាន​ប្រាប់​វីអូឌី​ថា កម្មករ​សំណ់ង​ចន្លោះ​ពី ២៥០ ទៅ​៣០០​នាក់ មក​ពី​ការដ្ឋាន​សំណង់​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា មួយ​ថ្ងៃ​មុន​ថ្ងៃ​​០១ឧសភា ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ។
លោក​បន្ថែម​ថា សហព័ន្ធ​សហជីព​របស់​លោក បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​សំណង់ ការ​គិត​គូរ​ពី​បញ្ហា​​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ​សំណង់ ការ​ពង្រីក​វិសាល​ភាព​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទៅ​លើ​ក្រុម​កម្មករ​សំណង់ ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​សាង​សង់ និង​ការ​ស្នើ​ឲ្យ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​សហជីព​ដើម្បី​ធានា​នូវ​សេរីភាព​របស់​សហជីព​ក្នុង​ការ​ជួយ​ដល់​ក្រុម​កម្មករ​សំណង់។
លោក យ៉ាន់ ធី​ បាន​បញ្ជាក់​ថា ការ​ប្រមូល​ផ្ដុំ​នេះ បាន​ដំណើរ​ការ​ទៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ៕