ថ្ងៃទី០៨ ខេមិថុនា ឆ្នាំ២០១៧ ដកស្រង់៖RFA
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន ចុះ​ទៅ​ដោះស្រាយ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ សៅលែន  (Southland Cambodia Co., LTD) នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។ ការ​ចាត់​តាំង​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ​នេះ បន្ទាប់ពី​ក្រុម​កម្មករ​រាប់​រយ​នាក់ លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។
ការ​លើក​គ្នា​ទៅ​តវ៉ា​របស់​កម្មករ​រាប់​រយ​នាក់​មក​ពី​រោងចក្រ សៅលែន ស្ថិត​នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចេញ​អន្តរាគមន៍​ជួយ​ពួកគេ ក្រោយ​ពី​ថៅកែ​រោងចក្រ​កាត់ដេរ ព្យួរ​ការងារ​សហជីព​ចលនា​កម្មករ​ចំនួន ១០​នាក់ និង​កម្មករ​ម្នាក់។
កម្មការិនី​ឈ្មោះ កែវ ផល្លា បាន​ថ្លែង​នៅ​ខាង​មុខ​ក្រសួង​ការងារ​ថា ក្រៅ​ពី​ចង់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ចេញ​អន្តរាគមន៍​ឱ្យ​សហជីព​ចលនា​កម្មករ​ទាំង ១០​នាក់ និង​កម្មករ​ម្នាក់ ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ធម្មតា​វិញ ក្រុម​កម្មករ​ក៏​ចង់​ឱ្យ​ថៅកែ​រោងចក្រ មិន​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ចំនួន ២​ថ្ងៃ ដែល​ក្រុម​កម្មករ​នាំ​គ្នា​ឈប់​សម្រាក​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា ដែរ។ កម្មការិនី​ដដែល​នេះ​បន្ត​ថា ក្នុង​រយៈពេល​ដែល​កម្មករ​នាំ​គ្នា​ទៅ​ស្រុក​កំណើត​ដើម្បី​បោះឆ្នោត គឺ​ស្នើ​ឱ្យ​ភាគី​រោងចក្រ កាត់​ចូល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មួយ​ថ្ងៃ និង​មួយ​ថ្ងៃ​ទៀត​សុំ​ឱ្យ​ភាគី​រោងចក្រ​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​តែ ៥០​ភាគរយ​បាន​ហើយ៖ «ដូច​ថា​ក្នុង​មួយ​ថ្ងៃ​យើង​ធ្វើ​ការ​បាន ៥​ដុល្លារ អ៊ីចឹង​យើង​ចង់​ឲ្យ​ភាគី​រោងចក្រ​កាត់​តែ ៥០​ភាគរយ​បាន​ហើយ»។
កម្មការិនី កែវ ផល្លា បន្ថែម​ទៀត​ថា កញ្ញា​មាន​ជំនឿ​តែ​លើ​ក្រសួង​ការងារ​ប៉ុណ្ណោះ ដែល​អាច​ជួយ​កម្មករ​ដែល​ជា​ខ្មែរ​គ្នា​ឯង​បាន។
ការ​លើក​គ្នា​ទៅ​តវ៉ា​ខាង​មុខ​ក្រសួង​ការងារ​នេះ ក្រោយ​ពី​កម្មករ​ពុំ​អាច​ស្វែង​រក​ដំណោះស្រាយ​ពី​ភាគី​រោងចក្រ បន្ទាប់​ពី​ពួកគេ​នាំ​គ្នា​តវ៉ា​ខាង​មុខ​រោងចក្រ ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា។ នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ក្រសួង​ការងារ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ចាត់​ទុក​ការ​ព្យួរ​ការងារ​របស់​សហជីព​កម្មករ និង​កម្មករ សរុប​មាន​គ្នា​ទាំង ១១​នាក់ គឺ​ជា​ការ​រើសអើង និង​មាន​បំណង​រំលាយ​សហជីព​ឯករាជ្យ ហើយ​ទង្វើ​របស់​រោងចក្រ​បែប​នេះ គឺ​ធ្វើ​រំលោភ​បំពាន​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ទាំង​ស្រុង។
ដើមហេតុ​នាំ​ឱ្យ​ការ​​ផ្ទុះ​តវ៉ា​របស់​កម្មករ​រោងចក្រ​សៅលែន នេះ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា បន្ទាប់​ពី​ភាគី​រោងចក្រ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ពួកគេ​ដែល​ជា​កម្មករ បាន​ឈប់​សម្រាក​មុន​មួយ​ថ្ងៃ និង​ក្រោយ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា និង​ថែម​ទាំង​គំរាម​កាត់​ប្រាក់​ខែ​របស់​កម្មករ ប្រសិនបើ​ពួកគេ​មិន​អាច​វិល​ត្រឡប់​ពី​បោះឆ្នោត​នៅ​ឯ​ស្រុក​កំណើត និង​ចូល​បំពេញ​ការងារ​វិញ​ទាន់​ពេល​វេលា។
ទោះ​ជា​យ៉ាង​ណា បន្ទាប់ពី​ក្រុម​កម្មករ​បាន​វិល​ត្រឡប់​មក​ពី​បោះឆ្នោត​នៅ​ស្រុក ក៏​បាន​នាំគ្នា​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៦ មិថុនា ដើម្បី​ទាមទារ​ឱ្យ​ភាគី​រោងចក្រ មិន​ត្រូវ​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត។ ក្រោយ​មក​ភាគី​រោងចក្រ និង​សហជីព​ខ្មែរ​ក៏​បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​ឱ្យ​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​ធម្មតា​នៅ​ថ្ងៃ​ទី​៨ ៧ ខែ​មិថុនា ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៧ ខែ​មិថុនា ស្រាប់តែ​ភាគី​រោងចក្រ បាន​ព្យួរ​ការងារ​របស់​សហជីព​ចំនួន ១០​នាក់ និង​កម្មករ​ម្នាក់​ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា ញុះញង់​កម្មករ។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​តំណាង​ឱ្យ​កម្មករ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ក៏​បាន​បញ្ជាក់​ថា សហជីព​ដែល​ត្រូវ​រោងចក្រ​ព្យួរ​ការងារ គឺ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ លោក​ចាត់​ទុក​ទង្វើ​របស់​រោងចក្រ​បែប​នេះ​ថា គ្រាន់តែ​ជា​ចេតនា​អាក្រក់​ដើម្បី​ព្យាយាម​មិន​ឱ្យ​មាន​សហជីព​ឯករាជ្យ​ពិត​ប្រាកដ​តំណាង​ឱ្យ​កម្មករ​ក្នុង​រោងចក្រ​ប៉ុណ្ណោះ។
លោក ប៉ាវ ស៊ីណា បន្ថែម​ថា ប្រសិនបើ​ក្រសួង​ការងារ មិន​អាច​ចុះ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ទាន់​ពេល​ទេ ការ​តវ៉ា​របស់​កម្មករ​នៅ​ពេល​នេះ អាច​មាន​កម្ដៅ​កាន់​តែ​ខ្លាំង និង​រីក​កាន់​តែ​ធំ​ជាង​មុខ ព្រោះ​លោក​ថា កាលពី​ថ្ងៃ​ទី​៥ មិថុនា ខាង​ភាគី​រោងចក្រ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ពី​បទ​ញុះញង់ បន្ទាប់​មក តុលាការ​បាន​ចេញ​សេចក្ដី​សម្រេច​យ៉ាង​ឆាប់​រហ័ស​បំផុត នៅ​ថ្ងៃ​ទី​៧ មិថុនា ដោយ​បង្គាប់​ឱ្យ​កម្មករ​ទាំង​អស់ ត្រូវ​ចូល​បំពេញ​ការងារ​តាម​តួនាទី​រៀងៗ​ខ្លួន​វិញ នៅ​ក្នុង​រយៈពេល ៤៨​ម៉ោង បើ​មិន​ដូច្នោះ​ទេ មាន​ន័យ​ថា កម្មករ​នឹង​ត្រូវ​ថៅកែ​រោងចក្រ​ប្ដឹង​មួយ​ករណី​ទៀត ពី​បទ​បោះបង់​ការងារ​របស់​ខ្លួន​ចោល៖ «ដូច្នោះ​យើង​ចាំបាច់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​តែ​ដែល​អាច​ធ្វើ​បាន»។
​ក្រោយ​ការ​តវ៉ា​មួយ​សន្ទុះ​ធំ មន្ត្រី​គណៈកម្មការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា បាន​ចេញ​មក​ទទួល​ញត្តិ​ពី​កម្មករ និង​បាន​បញ្ជាក់​ថា ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន​ចុះ​ទៅ​ដោះស្រាយ​ដោយ​ផ្ទាល់​ដាល់​រោងចក្រ នៅ​ថ្ងៃ​ទី​៩ មិថុនា វេលា​ម៉ោង ៩​ព្រឹក។
ទោះ​ជា​យ៉ាង​ណា ទាំង​សហជីព និង​កម្មករ​ព្រមាន​ថា ប្រសិនបើ​ក្រសួង​ការងារ មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ទេ ពួកគេ​នឹង​អាច​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក ដែល​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​រោងចក្រ​សៅ ឡែនដ៍ ហើយ​អាច​តវ៉ា​ទៅ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕