ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA

កម្មករ​ជិត ៥០​នាក់​តំណាង​ឲ្យ​កម្មករ ២០៨​នាក់​នៅ​រោងចក្រ ជុង​ហ្វៃ (Chung Fai) ដែល​ថៅកែ​ចិន បិទ​ទ្វារ​រោងចក្រ ហើយ​មិន​បើក​ប្រាក់​បៀវត្ស​ឲ្យ​ជាង ៨​ខែ​មក​នេះ នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​សាជាថ្មី។
ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ក្រុម​កម្មករ​ស្នើសុំ​ប្រធាន​តុលាការ ចេញ​សាលក្រម​បង្គាប់​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កាត់​ដេរ ជុង​ហ្វៃ នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ ផ្ដល់​សំណង​ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ស្ដីពី​ការងារ​ឲ្យ​កម្មករ គិត​ជា​ទឹក​ប្រាក់​ជាង ៥១​ម៉ឺន​ដុល្លារ​អាមេរិក (៥១៣.៦២៨,៦២​ដុល្លារ)។
តំណាង​កម្មករ លោកស្រី ទ្រេស សំរ៉ស់ រំពឹង​ថា តុលាការ​នឹង​មាន​ចំណាត់ការ​រឿង​នេះ និង​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​រឿង​នេះ ដើម្បី​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​សំណង​ឲ្យ​កម្មករ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ពួក​គាត់​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត៖ «ខ្ញុំ​សំណូមពរ​ឲ្យ​សម្ដេច​ជួយ​ខ្ញុំ ជួយ​បាន​លឿន​បន្តិច ព្រោះ​អី​ពួក​ខ្ញុំ​រង់ចាំ​យូរ​ណាស់ រង់ចាំ​ដូច​ថា​និយាយ​មិន​ចេញ​នោះ​ទេ រង់ចាំ​រាល់​ថ្ងៃ ព្រោះ​ថា​រយៈពេល ៥-៧​ខែ​មក​ហើយ។ តាំង​ពី​ថ្ងៃ​ហ្នឹង​ដល់​ថ្ងៃ​នេះ អ្នក​ខ្លះ​អត់​មាន​បាយ​ហូប​ផង អ្នក​ខ្លះ​ដើរ​ខ្ចី​អង្ករ​គេ​ទៀត គួរ​ឲ្យ​គិត​ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ពួក​ខ្ញុំ​រង់ចាំ​យូរ​ណាស់។ អ៊ីចឹង​សូម​រដ្ឋាភិបាល​ជួយ​ពួក​ខ្ញុំ​ផង។ ខ្ញុំ​គ្មាន​អី​ទេ មាន​តែ​ម្រាម​ដៃ​ដប់ សុំ​សំពះ​គាត់ សូម​ឲ្យ​គាត់​ជួយ​ខ្ញុំ​ឲ្យ​បាន​ឆាប់​បន្តិច។ មាន​តែ​គាត់​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ»។
ក្រៅ​ពី​នេះ ក្រុម​កម្មករ​លើក​ឡើង​ថា ពួក​គេ​គ្មាន​លទ្ធភាព​បង់​ប្រាក់​ប្រដាប់​ក្ដី​លើ​បណ្ដឹង​អង្គ​សេចក្ដី​ទេ ដោយសារ​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ថៅកែ​ក្នុង​រយៈពេល ៨​ខែ​មក​នេះ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​ទ្វារ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។

ក្រុម​កម្មករ​ប្រកាន់​ជំហរ​ថា នឹង​នៅ​តែ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​ហែ​ញត្តិ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ​ដោះស្រាយ​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​កម្មករ​ជិត ២០០​នាក់​ទេ​នោះ៕