ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដកស្រង់៖RFA

កម្មករ​រោងចក្រ​ក្បាលកោះ​ប្រមាណ ៣០០​នាក់ ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ដោយ​សារ​ពួកគេ​មិន​ចុះ​សម្រុង​គ្នា រឿង​លក់​ឡាយឡុង​អីវ៉ាន់​ដែល​សល់​ក្នុង​រោងចក្រ ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ ក្រោយ​ថៅកែ​រត់​ចោល។
ការ​ប៉ះ​ទង្គិច​គ្នា​នេះ ត្រូវ​បាន​កម្មករ​ខ្លះ​ថា ពួកគេ​មិន​អាច​រង់ចាំ​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ទេ ពី​ស៊ី​ពេល​យូរ ហើយ​ពួកគាត់​ត្រូវ​ការ​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល។ ខណៈ​កម្មករ​ខ្លះ​ទៀត ចង់​បាន​ប្រាក់​ខែ​ចុង​ក្រោយ​សម្រាប់​ខែ​ធ្នូ ផង និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ផង។
ពួកគេ​ចាប់​ផ្ដើម​ការ​តវ៉ា និង​ដាក់​ញត្តិ​រក​អន្តរាគមន៍​តាម​ស្ថាប័ន​ផ្សេងៗ ដូច​ជា​ក្រសួង​ការងារ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី តាំង​ពី​ថ្ងៃ​ទី​១១ មករា ក្រោយ​ថៅកែ​មិនបើក​ប្រាក់​ឈ្នួល​សម្រាប់​ខែ​ធ្នូ។

កម្មករ​កម្មការិនី​ប្រមាណ ៣០០​នាក់ ក្នុង​ចំណោម​កម្មករ​ជាង ១ពាន់​នាក់​នេះ មក​ពី​រោងចក្រ​ក្បាលកោះ ផាដា (Pada) និង​ថប់វើល (Top World) ដែល​មាន​ថៅកែ​តែមួយ។ រោងចក្រ​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ជ្រោយអម្ពិល២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។