ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដកស្រង់៖RFA
កម្មករ​រោងចក្រ​ក្បាលកោះ ស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជិត ៣០០​នាក់ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា លើក​គ្នា​មក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​អន្តរាគមន៍​បើក​ប្រាក់​ឈ្នួល​ដែល​ពួក​គាត់​មិន​បាន​ទទួល​សម្រាប់​ខែ​ធ្នូ។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បញ្ជូន​ករណី​នេះ​ទៅ​ដោះស្រាយ​ក្រសួង​ការងារ​វិញ។

នៅ​ពេល​ដែល​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ប្រាប់​កម្មករ​ឲ្យ​ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ​នោះ តំណាង​កម្មករ​រោងចក្រ​ក្បាលកោះ អ្នកស្រី អុល វណ្ណា មាន​ប្រសាសន៍​ថា អ្នកស្រី​អស់​សង្ឃឹម​ពេល​​ស្វែង​រក​អន្តរាគមន៍​រយៈ​ពេល​ជាង ១០​ថ្ងៃ​មក​នេះ ក្រុម​កម្មករ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ៖ «»។

អ្នកស្រី​ថ្លែង​ថា អ្នកស្រី និង​កម្មករ​ផ្សេង​ទៀត កំពុង​ជួប​ការ​លំបាក​ខ្វះ​លុយ​ចំណាយ​សម្រាប់​កូន​ទៅ​រៀន និង​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ពេល​ដែល​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​នេះ។

តំណាង​កម្មករ កម្មការិនី​មួយ​រូប​ទៀត គឺ​កញ្ញា នៀង សោភា បន្ទរ​ថា កម្មករ​ខ្លះ​មិន​មាន​ប្រាក់​នៅ​សល់​សម្រាប់​ទិញ​បាយ​ទេ៖ «ពួក​ខ្ញុំ​ពិបាក គឺ​ពិបាក​សព្វ​ផ្លូវ ទាំង​ថ្លៃ​ផ្ទះ​ជួល សូម្បី​តែ​ថ្លៃ​ឡាន ថ្លៃ​រ៉ឺម៉ក​ម៉ូតូ ដែល​គាត់​ឌុប​មក​ធ្វើ​ការ​រាល់​ថ្ងៃ ក៏​គាត់​ទារ​លុយ ហើយ​ពួក​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ញ៉ាំ​រាល់​ថ្ងៃ ដឹង​ស្រាប់​ហើយ ផ្ទះ​ជួល ហើយ​ពិសេស​ជាង​គេ​បង​ប្អូន​កម្មករ​ភាគ​ច្រើន គឺ​គាត់​ជំពាក់​ធនាគារ»

កម្មករ​កម្មការិនី​ទាំង​ជិត ៣០០​នាក់​នេះ មក​ពី​រោងចក្រ​ក្បាលកោះ ផាដា (Pada) និង​ថប់វើល (Top World) ដែល​មាន​ថៅកែ​តែមួយ។ រោងចក្រ​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ជ្រោយអម្ពិល២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

កម្មការិនី​ផ្នែក​ដេរ​នៃ​រោងចក្រ​ថប់វើល (Top World Garment) មួយ​រូប គឺ​កញ្ញា ចំរើន នួន ដែល​ធ្វើ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក ថ្លែង​ថា រោងចក្រ​នេះ​ចាប់​ផ្ដើម​មាន​បញ្ហា​តាំង​ពី​ដើម​ឆ្នាំ​២០១៦ មក ដែល​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ម្ដង​បន្តិចៗ ឲ្យ​កម្មករ៖ «មួយ​ឆ្នាំ​ជាង​ហើយ គាត់​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​ខ្ញុំ​ហ្នឹង មួយ​ខែ​បើក​បួន​ប្រាំ​ដង ២០​រៀល ១០​រៀល ៣០​រៀល ៥០​អ៊ីចឹង​ទៅ តាម​តែ​គាត់​ស្នើសុំ​ឲ្យ​កម្មករ​ទទួល​យក។ កម្មករ​ទទួល​យក​រហូត តែ​ដល់​ពេល​ប្រាក់​ខែ ១២ នេះ គាត់​អត់​បាន​បើក​ឲ្យ​តែ​ម្ដង»

កម្មករ កម្មការិនី​ចាប់​ផ្ដើម​ការ​តវ៉ា និង​ដាក់​ញត្តិ​រក​អន្តរាគមន៍​តាម​ស្ថាប័ន​ផ្សេងៗ នៅ​ថ្ងៃ​ទី​១១ មករា គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​រង់ចាំ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ឲ្យ ហើយ​ថៅកែ​រោងចក្រ​នេះ​មិន​បើក​ឲ្យ។ កម្មករ​អះអាង​ថា ថៅកែ​ជំរុញ​ឲ្យ​កម្មករ​តវ៉ា​តាម​ផ្លូវ​ច្បាប់។

ប័ណ្ណ​ប៉ាតង់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា ថៅកែ​រោងចក្រ​នេះ​ឈ្មោះ ជឹង ជុនហ្វាត (Cheung Chun Fat)។ ប៉ុន្តែ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​ពី​ខាង​ថៅកែ​រោងចក្រ​បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកស្រី អុល វណ្ណា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដោះស្រាយ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រយៈ​ពេល ៣​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មករា មិន​មាន​ដំណោះស្រាយ​ទេ ព្រោះ​ភាគី​តំណាង​កម្មករ និង​សហជីព មិន​ចរចា​ជា​មួយ​មេធាវី ដែល​អះអាង​ថា បាន​ទទួល​សិទ្ធិ​ពី​ថៅកែ​រោងចក្រ។ ការ​មិន​ទទួល​ស្គាល់​មេធាវី​នោះ ព្រោះ​មេធាវី​មិន​បង្ហាញ​លិខិត​ផ្ទេរ​សិទ្ធិ​ពី​ថៅកែ។

ក្រុម​កម្មករ​នាំ​គ្នា​ត្រឡប់​ទៅ​រោងចក្រ​វិញ ហើយ​សន្យា​ថា នឹង​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​បន្ត​ទៀត៕