ថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០១៧ ដោយ៖RFA
កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​ជិត ៦០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា។ កម្មករ​រោងចក្រ​កាត់​ដេរ​ទាំងនេះ ដួល​សន្លប់​ពេល​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​អគារ​ចំនួន​៤ នៃ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient) គឺ​អគារ​លេខ​១៤ ១៥ ១៦ និង​លេខ​១៧ ដែល​ឋិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា (Canadia Park) តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។
ពួក​គាត់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​ជិតៗ​នោះ ហើយ​ខ្លះ​បាន​ធូរស្បើយ និង​ខ្លះ​ទៀត​ឋិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ។ អ្នក​ទទួល​ខុស​ត្រូវ​ខាង​រោងចក្រ ញ៉ូវ អរេន គឺ​លោក អ៊ូ អៀង។ លោក​មិន​ទាន់​អាច​បញ្ជាក់​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​បាន​ទេ ព្រោះ​លោក និង​គណៈកម្មការ​កំពុង​ស៊ើប​អង្កេត។
កម្មការិនី​ផ្នែក​ដេរ​ម្នាក់​នៅ​អគារ​លេខ​១៧ ឈ្មោះ គីម លី ថ្លែង​ថា ការ​ដួល​សន្លប់​នេះ ចាប់​ផ្ដើម​មាន​បី ឬ​បួន​នាក់​កាល​ពី​ព្រឹក​នៅ​អគារ​លេខ​១៧ នោះ ហើយ​ដោយ​មិន​មាន​ហេតុការណ៍​ឆេះ​ខ្សែ​ភ្លើង ឬ​ក្លិន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ។ ការ​ដួល​សន្លប់​មាន​បន្តបន្ទាប់​គ្នា​ច្រើន​នៅ​ពេល​រសៀល។