ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៧ ដោយ៖RFA
អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​សាលា​ដំបូង​ខេត្ត​នេះ រួម​គ្នា​អន្តរាគមន៍​ជួយ​ឲ្យ​ក្រុម​កម្មករ​កម្មការិនី និង​និយោជិត​ប្រមាណ ១​ពាន់​នាក់ ទទួល​បាន​ប្រាក់​បៀវត្សរ៍ ៨៥​ភាគរយ (៨៥,៥%) នៃ​ចំនួន​ទឹកប្រាក់​ទាមទារ​សរុប​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​តាម​ច្បាប់ បន្ទាប់​ពី​រោងចក្រ អ.ស៊ី.អាយ (RCI) បាន​ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​ក្រុមហ៊ុន។
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បង្ហាញ​ទឹក​មុខ​រីករាយ​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី និង​និយោជិត​រាប់​រយ​នាក់ នៅ​គ្រា​រូប​លោក​បាន​ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​បើក​ប្រាក់​ផ្តាច់​កិច្ចសន្យា​ការងារ​ចុង​ក្រោយ​ជូន​អតីត​កម្មករ​នៅ​រោងចក្រ រ៉ូយ៉ាល់ ក្រោនធិច អ៊ិនធើណេសិនណល (Royal Crowntex International Inc.) ហៅ​កាត់​ថា អ.ស៊ី.អាយ (RCI) មាន​ចំនួន​ជិត ១​ពាន់​នាក់ (៩៣៤​នាក់) មាន​ទីតាំង​នៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា។
លោក​បន្ត​ថា សម្ភារៈ​ផ្សេងៗ​របស់​ក្រុមហ៊ុន អ.ស៊ី.អាយ ដែល​នៅ​សេសសល់ ត្រូវ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ ពិសេស​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​នីតិវិធី​លក់​ចេញ​ដើម្បី​ប្រមូល​ប្រាក់​សម្រាប់​បើក​ជូន​កម្មករ​កម្មការិនី​ជិត ១​ពាន់​នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​បៀវត្សរ៍​ចុង​ក្រោយ​ជាង ៨៥​ភាគរយ នៃ​បៀវត្សរ៍​ប្រចាំ​ខែ ដែល​ត្រូវ​ទទួល​បាន​តាម​ច្បាប់​កំណត់៖ «កន្លង​មក​នេះ​ទម្រាំ​តែ​ដោះស្រាយ​កិច្ចការ​ថៅកែ​រោងចក្រ អ.ស៊ី.អាយ ក្ស័យ​ធន បាន​រត់​ចោល​កម្មករ​នេះ​បាន គឺ​មាន​ការ​គាំទ្រ និង​ចូលរួម​ច្រើន​ណាស់​ពី​ភាគី​ពាក់ព័ន្ធ។ ក្នុង​នោះ​មាន​ការ​គាំទ្រ​ពី​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ក្រុង ខាង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ដទៃ​ទៀត ចូលរួម​សហការ​ធ្វើ​ការងារ​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​នៅ​ពេល​នេះ»។
នា​ឱកាស​នោះ​ដែរ ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុន្នីចរិយា មាន​ប្រសាសន៍​ថា ឆ្លង​កាត់​នីតិវិធី​ជាច្រើន​ដំណាក់កាល​មុន​អាច​ជួយ​ឲ្យ​កម្មករ​កម្មការិនី និង​និយោជិត​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ចុង​ក្រោយ​ស្រប​តាម​ច្បាប់។ លោក​បន្ត​ថា សំណុំ​រឿង​ថៅកែ​រោងចក្រ អ.ស៊ី.អាយ ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​កម្មករ​នេះ គឺ​កន្លង​ទៅ​អតីត​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង និង​សុំ​កិច្ច​អន្តរាគមន៍​ដល់​មុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ស្នើ​ឲ្យ​ជួយ​ទាមទារ​ប្រាក់​បៀវត្សរ៍​ជូន​ពួក​គេ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ។
លោក ម៉ុង មុន្នីចរិយា រីករាយ​ដែល​បាន​រួម​ចំណែក​ជួយ​រក​ដំណោះស្រាយ​ជូន​ក្រុម​កម្មករ​កម្មការិនី និង​និយោជិត​ជិត ១​ពាន់​នាក់ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ពេល​នេះ៖ «ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​រោងចក្រ អ.ស៊ី.អាយ នេះ គឺ​យើង​បាន​ចាត់​តាំង​ឲ្យ​មាន​អភិបាល​បណ្ដោះអាសន្ន ដើម្បី​ដើរ​តួ​ជំនួស​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ក្ស័យ​ធន ហើយ​ត្រូវ​ថៅកែ​រត់​ចោល​កម្មករ ឬ​រត់​ចោល​ទីតាំង។ ដូច្នេះ លទ្ធផល​វិជ្ជមាន​នេះ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​អភិបាល​បណ្ដោះអាសន្ន ដែល​បាន​ជំរុញ​ខិតខំ​ឲ្យ​មាន​ដំណោះស្រាយ​បើក​ប្រាក់ខែ​ចុង​ក្រោយ​ស្រប​តាម​ច្បាប់ ជូន​កម្មករ​មាន​ការ​ឆាប់​រហ័ស​នៅ​ពេល​នេះ»។
ទន្ទឹម​គ្នា​នេះ លោក ម៉ុង មុន្នីចរិយា បាន​ស្នើ​ដល់​កម្មករ​កម្មការិនី និង​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ស្នើ​កុំ​ប្រញាប់​រិះគន់​ចំណាត់ការ​របស់​តុលាការ ថា​មិន​ជួយ​ឈឺឆ្អាល ឬ​មិន​ជួយ​ដោះស្រាយ​សំណុំ​រឿង​អ្វី​មួយ នៅ​ពេល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​ជួយ​រក​ដំណោះស្រាយ​មាន​ភាព​តក់ក្រហល់​ពេក ព្រោះ​ការងារ​របស់​តុលាការ គឺ​មាន​នីតិវិធី​ត្រូវ​អនុវត្ត​ទៅ​តាម​ដំណាក់កាល។
ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ លោក យ៉ូវ ខេមរា ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ថៅកែ​រត់​ចោល​កម្មករ​នៅ​រោងចក្រ អ.ស៊ី.អាយ បាន​ដោះស្រាយ​ជូន​កម្មករ​ចប់​ជា​ស្ថាពរ​រួច​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កក្កដា។ លោក​បន្ត​ថា ដំណោះស្រាយ​នេះ​ជា​មធ្យម កម្មករ​កម្មការិនី និង​និយោជិត​ម្នាក់ បាន​ទទួល​ប្រាក់​បៀវត្សរ៍​ចាប់​ពី​ចន្លោះ ៥០០​ដុល្លារ​ដល់ ៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​តាម​អតីតភាព​ការងារ និង​ប្រាក់​បៀវត្សរ៍​កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រចាំ​ខែ។
ប្រធាន​មន្ទីរ​ការងារ លោក យ៉ូវ ខេមរា ឲ្យ​ដឹង​ថា រោងចក្រ អ.ស៊ី.អាយ (RCI) មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ចាប់​ផ្ដើម​បើក​ដំណើរការ​កាល​ពី​ឆ្នាំ​២០០២ និង​បាន​ក្ស័យ​ធន ហើយ​ថៅកែ​រត់​ចោល​កម្មករ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦៕